ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះខេត្តពោធិ៍សាត់រួមមាន មន្រ្តីមន្ទីរធម្មការនិងសាសនា មេគណ អាវុធហត្ថ នគរបាល ចុះបង្រ្កាបជនស្លៀកស្បង់ចីពរគ្មានច្បាប់
កម្លាំងចម្រុះចុះអនុវត្តបានឱ្យដឹងថា ជនស្លៀកស្បង់ចីពរគ្មានច្បាប់អនុញ្ញាតឈ្មោះ សាន់ ប៉ាក់ អាយុ៧៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅចំណុចភូមិ.ឃុំខាងលើ ។
ប្រភពពីកម្លាំងខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ បានដកហូតសម្ភាររួមមាន៖ ប្រាក់ដុល្លាចំនួន ៥៦១ដុល្លារ, ប្រាក់រៀលចំនួន៥៩១,០០០រៀល, ទូរស័ព្ទដៃម៉ាក NOKIA ១គ្រឿង (ស៊ីម ២), Memory ចំនួន៤, កាតទូរស័ព្ទប្រព័ន្ធ 097 ២សន្លឹក (៣ដុល្លា), ប្រអប់ដាក់ក្រមួន១, ឯកសារ១សន្លឹក, ប៊ិច១ដើម, ពិល១ដើម, ប្រដាប់ដកពុកមាត់១, ឈើច្រត់១ និងស្បង់ចីពរ១លាង ។ ប្រភពបន្តទៀតថា ជនសង្ស័យ (សាន់ ប៉ាក់) រួមទាំងវត្ថុតាងត្រូវបានកម្លាំងចុះទៅបង្ក្រាបនៅចំណុចភូមិសាស្រ្តខាងលើ ដោយនៅតំបន់នោះ កម្លាំងចម្រុះពិនិត្យឃើញទីតាំងនោះមានរបងធ្វើអំពីឈើហ៊ុំព័ទ្ធកន្លែងប្រតិបត្តិធម៌ពោពេញទៅដោយព្រៃជុំជិត ហើយនៅផ្នែកខាងមុខមានទ្វាររបងឈើចាក់សោពីក្នុង មានលើកទង់ជ្វាលា៣ ពណ៌ប៉ៃតង និងក្រហម សរសេរអក្សរលើទ្វារមួយបន្ទះដាក់ថា “ ហាមចូលកន្លែងស្វែងរកព្រះធម៌ទ្រង់ញាណ ” គ្រានោះក៏មានមនុស្សម្នាក់ ភេទស្រី ស្លៀកសពាក់សដើរមកពីក្នុងហើយនិយាយថា សម្ដេចព្រះគ្រូមិននៅទេ ក្រុមការងារយើងក៏ឱ្យគាត់យកសោមកចាក់បើក ពេលពិនិត្យផ្នែកខាងក្នុងរបង ឃើញដំណាំរុក្ខជាតិធំៗដូចជា ក្រូច ស្វាយ ខ្នុរ ដូងជាច្រើនដើម អាចសន្និដ្ឋានថា ដំណាំហូបផ្លែទាំងនេះយូរឆ្នាំមកហើយ ហើយនៅទីនោះមានមនុស្សប្រុសស្រីរស់នៅចំនួន១០នាក់៤នាក់ ស្លៀកពាក់ស រស់នៅជាមួយ (សាន់ ប៉ាក់) គ្មានអាស័យដ្ឋានច្បាស់លាស់ (គ្មានច្បាប់) និងប្រើភាសាធម៌ស្តាប់មិនបាន , មានរោងស្នាក់នៅតូចធំចំនួន ៥កន្លែង ដោយមានតាំងរូបព្រះពុទ្ធ ក្រុមការងារក៏បានសួររកមនុស្សពាក់ស្បង់ចីពរ អ្នកនៅទីនោះឆ្លើយថា លោកនិមន្តទៅសំណាក់ធម៌នៅលើភ្នំ រួចហើយក៏បានទៅតាមមក ហើយក៏បាននាំមកខេត្តពោធិ៍សាត់ជាមួយក្រុមការងារ។ លុះនៅម៉ោង ២០និង០០នាទីយប់ ថ្ងៃដដែលនៅក្នុងវត្តសូរិយា ដើម្បីបន្តការសាកសួរ ព្រះមេគណខេត្តព្រះនាម យ៉ែម ហន ប្រជុំមន្រ្តីសង្ឃដើម្បីធ្វើការសាកសួរទៅជននាម សាន់ ប៉ាក់ គាត់ (សាន់ ប៉ាក់) បានឆ្លើយថា៖ បួសគ្មានព្រះឧប្បឈាទេ គឺបួសស្លៀកពាក់ចីព័រដោយខ្លួនឯងតាំងពីឆ្នាំ ១៩៨០ ហើយគាត់បានមកស្នាក់នៅចំណុចលើកំពូលភ្នំនេះប្រហែល១០ឆ្នាំមកហើយ ។
ប្រភពខាងលើបញ្ជាក់ទៀតថា កន្លងមកជនស្លៀកស្បង់ចីពរដោយគ្មានសិទ្ធិ (សាន់ ប៉ាក់) ខាងមន្ទីរធម្មការ និងសាសនាខេត្ត និងមន្រ្តីសង្ឃ បានអញ្ជើញគាត់ ៣លើកមកហើយ ប៉ុន្ដែ (សាន់ ប៉ាក់) មិនបានមកដោះស្រាយនោះទេ ថែមទាំងមានការប៉ះទង្គិចដោយពាក្យសម្ដី និងកម្លាំងបាយផងដែរ ទើបលើកចុងក្រោយនេះ ដាក់កម្លាំងចម្រុះច្រើននាក់ ដើម្បីបង្រ្កាបតែម្ដង ម្យ៉ាងទៀតករណីនេះត្រូវបានប្រភពផ្សេងៗលើកឡើងថា មានការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមផងដែរ ដូច្នេះករណីខាងលើនេះ ទាំងជនស្លៀកពាក់ស្បង់ចីពរ និងសម្ភារបានប្រគល់ទៅឱ្យមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន