ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងអំពើឆក់ទូរស័ព្ទដៃនៅលើផ្លូវសាធារណៈ នៅខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងដើរដៃកាន់ទូរស័ព្ទ។ ក្នុងចំណោមជនសង្ស័យ០២នាក់ គឺ០១នាក់ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ចំណែក០១នាក់ទៀតជាអ្នកដឹកអីវ៉ាន់អនឡាញ។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឱ្យដឹងថា៖ កម្លាំងជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ ចុះស្រាវជ្រាវករណីអំពើឆក់ទូរស័ព្ទនៅចំណុចខាងលើនឹងក្រោយពីទទួលបទបញ្ជា និងពាក្យបណ្តឹងពីជនរងគ្រោះនោះហើយ។ កម្លាំងជំនាញក៏បានស្រាវជ្រាវស៊ើបអង្កេតតាមជំនាញព្រហ្មទណ្ឌនៅកន្លែងកើតហេតុ និងក៏បានឈានកំណត់មុខសញ្ញាជនសង្ស័យ ដែលជាអ្នកប្រព្រឹត្តបទល្មើសផ្ទាល់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់រាត្រីសំបូរ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកនាយការិយាល័យ បន្តថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៥និង៤០នាទីល្ងាច មានជនសង្ស័យ០៤នាក់ ជិះម៉ូតូ០២គ្រឿងឌុបគ្នា លុះមកពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ស្វាយ នៅចំណុចផ្លូវលេខ១៣២ ក្រុម១២ ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញខណៈជនរងគ្រោះ ឈ្មោះ អ៊ុង ចាន់វិច្ឆិកា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ១៨៩ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កំពុងដើរលើផ្លូវសាធារណៈជាមួយនឹងដៃកាន់ទូរស័ព្ទ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឱ្យដឹងទៀតថា សកម្មភាពអំពើឆក់ទូរស័ព្ទដៃនោះ ជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿងទៅឆក់ទូរស័ព្ទជនរងគ្រោះ ចំណែកពួកវា០២នាក់ទៀតជិះម៉ូតូ០១គ្រឿង រងចាំបិទគូទខាងក្រោយ។ ជនសង្ស័យទាំង០២នាក់ មាន ១.ឈ្មោះហ៊ុយ សាមឺឌី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ១៦អឺ០ នៅក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។ ២.ឈ្មោះ សៅ ដេវីត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជាមួយនោះកម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាងទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រម៉េក ពណ៌ ស្វាយ ចំនួន ០១ គ្រឿង របស់ជនរងគ្រោះប្រគល់ឱ្យម្ចាស់វិញ។ចំណែកបក្ខពួក០២នាក់ទៀត ដែលគេចខ្លួនកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន យកមកអនុវត្តតាមផ្លូវច្បាប់បន្តទៀត។
ដោយឡែកករណីនៃអំពល្មើសឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះផងដែរ នៅខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ក៏បានបង្រ្កាបចាប់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសអំពើឆក់ទូរស័ព្ទដៃចំនួន០២គ្រឿង ចំប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា ក្នុងទឹកដីខណ្ឌកំបូល ហើយក៏បង្រ្កាបចាប់ខ្លួនបានជនសង្ស័យចំនួន០៤នាក់។
លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់នេះ ជាបក្ខពួកតែ០១ ហើយជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពរដ្ឋ ក្នុងភូមិសាស្រ្តខណ្ឌកំបូល និងភូមិសាស្រ្តបណ្តាខណ្ឌមួយចំនួនទៀត។ ជនសង្ស័យទាំង០៤នាក់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក៏ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌកំបូលកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ផងដែរ៕ដោយ៖សហការី