រកឃើញក្មេងៗកូឡុំប៊ី៤នាក់នៅមានជីវិតនៅក្នុងព្រៃ ក្រោយជិត៤០ថ្ងៃគ្រោះថ្នាក់ធ្លាក់យន្តហោះ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធីបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) បានប្រកាសឱ្យដឹងថា ក្មេងៗចំនួន៤នាក់មកពីសហគមន៍ជនជាតិភាគតិចក្នុងប្រទេសកូឡុំប៊ី ទីបំផុតត្រូវបានរកឃើញនៅរស់រានមានជីវិតកាលពីថ្ងៃសុក្រសប្តាហ៍នេះ ពោលគឺរយៈពេលជាង៥សប្តាហ៍បន្ទាប់ពីយន្តហោះដែលពួកគេជិះធ្វើដំណើរបានធ្លាក់ទៅចំតំបន់ព្រៃដ៏ក្រាស់ឃ្មឹក។

កុមារទាំងនោះត្រូវបានជួយសង្រ្គោះដោយកងកម្លាំងយោធានៅក្បែរតំបន់ព្រំប្រទល់រវាងខេត្តឆាកេតា (Caqueta) និងខេត្តក្វាវ៉្យារេ (Guaviare) មិនឆ្ងាយប៉ុន្មានពីកន្លែងដែលយន្តហោះខ្នាតតូចរបស់ពួកគេបានធ្លាក់នោះឡើយ។ យន្តហោះធុន Cessna 206 មួយគ្រឿង មានផ្ទុកមនុស្សសរុបចំនួន៧នាក់ បានស្ថិតក្នុងការធ្វើដំណើររវាងក្រុងអារ៉ារ៉ាគ័ររ៉ា (Araracuara) នៃខេត្តអាម៉ាហ្សូណាស (Amazonas) និងទីក្រុងសានចូសេឌែលក្វាវ៉្យារេ នៃខេត្តក្វាវ៉្យារេ នៅពេលដែលយន្តហោះនោះ បានប្រកាសភាពអាសន្នដោយសារជួបបញ្ហាផ្នែកម៉ាស៉ីនកាលពីថ្ងៃទី១ ខែឧសភា។
ជាលទ្ធផលមនុស្សធំពេញវ័យ៣នាក់រួមទាំងពីឡុត គឺបានបាត់បង់ជីវិត ហើយសាកសពពួកគេត្រូវបានរកឃើញនៅក្នុងយន្តហោះផ្ទាល់។ ចំណែកកុមារទាំង៤នាក់ ដែលក្នុងនោះ៣នាក់ មានអាយុ១៣ឆ្នាំ ៩ឆ្នាំ ៤ឆ្នាំ ហើយនិងទារកម្នាក់អាយុត្រឹម១២ខែ បានរួចផុតជីវិតពីការធ្លាក់យន្តហោះ។ រូបភាពដែលត្រូវបានចែកចាយដោយយោធាកូឡុំប៊ី បានបង្ហាញឱ្យឃើញទាហានមួយក្រុម ស្ថិតនៅជាមួយក្មេងៗទាំងនោះ នៅកណ្តាលព្រៃ។
ដំបូងឡើយលោក ផេត្រូ ធ្លាប់បានរាយការណ៍ថា ក្មេងៗទាំង៤នាក់ខាងលើ ត្រូវបានរកឃើញកាលពីថ្ងៃទី១៧ ខែឧសភា ក្នុងសារមួយដែលក្រោយមកត្រូវបានលុបចោលវិញ ដោយលោកបាននិយាយថា ព័ត៌មានដែលលោកទទួលបាននាពេលនោះ គឺមិនច្បាស់លាស់៕ ដោយធីរីណា

...

រូប​ថត​ : CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print