អាជ្ញាធរខណ្ឌសែនសុខបន្តចុះជួយអន្តរាគមន៍ក្នុងការតបណ្តាញទឹកជូនប្រជាពលរដ្ឋប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៥ថ្ងៃមកហើយ ករណីទំនាស់ នៃការតបណ្តាញទឹកជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ

...
ខណ្ឌសែនសុខ ដោយសារអ្នកមានអំណាចម្នាក់ ចេញមុខមករារាំង ក្រុមការងាររដ្ឋាករទឹក មិនឲ្យជីកដីតបណ្តាញទឹក ដោយចោទប្រកាន់ថា ការជីកដីតបណ្តាញទឹកនេះ គឺជីកនៅលើដីរបស់គាត់ ។

ករណីទំនាស់នេះធ្វើឲ្យក្រុមការងាររដ្ឋាករទឹក មិនហ៊ានបន្តសកម្មភាពជីកឡើយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ មកម្ល៉េះ រហូតអូសបន្លាយមកដល់ពេលនេះ ដើម្បីរង់ចាំការដោះស្រាយ ទើបក្រុមការងាររដ្ឋាករទឹកបន្តសកម្មភាពទៀត។

កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខ បានបន្តដឹកនាំក្រុមមន្ត្រីជំនាញសូរិយោដីចុះធ្វើការវាស់វែងរកទំហំផ្លូវពិតប្រាកដ ដើម្បីឲ្យក្រុមការងាររដ្ឋាករទឹកជីកដីតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ជាលទ្ធផលទទួលបានការល្អប្រសើរ ដោយសារតំណាងអ្នកមានអំណាចនោះ យល់ព្រមនិងអនុញ្ញាតឲ្យក្រុមការងាររដ្ឋាទឹក អាចតបណ្តាញទឹកបាន។

នៅក្នុងសកម្មភាពនេះផងដែរបងប្អូនប្រជាពលរដ្ឋទាំងអស់បានសំដែងការសប្បាយចិត្តយ៉ាងខ្លាំង ដល់អាជ្ញាធរខណ្ឌ ដែលបានជួយអន្តរាគមន៍ ប៉ុន្តែចំពោះបញ្ហាការវាស់វែងផ្លូវ គឺពួកគាត់មិនឯកភាពនោះទេ ពីព្រោះនេះជារឿងរវាងអាជ្ញាធរពាក់ព័ន្ធ និងភាគីម្ចាស់ដីដែលរារាំង។

គួរំលឹកឲ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ ដែលរស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានចេញមកប្រមូលផ្តុំគ្នានៅក្នុងភូមិរបស់ពួកគាត់ ស្នើសុំឲ្យអាជ្ញាធរខណ្ឌសែនសុខ ជួយអន្តរាគមន៍ ដោយសារពួកគាត់បានស្នើសុំតបណ្តាញទឹកស្អាត ប៉ុន្តែត្រូវបានស្ត្រីម្នាក់ មករារាំងមិនឲ្យពួកគាត់តបណ្តាញទឹកឡើយ ដោយស្ត្រីម្នាក់នោះចោទប្រកាន់ថាជីកប៉ះនៅលើដីឡូត៍របស់គាត់។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ការសុំតបណ្តាញទឹកស្អាតនេះ គឺពួកគាត់ស្នើសុំតចាប់តាំងពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ ក្នុងអំឡុង ឆ្នាំ២០១០ មកម្ល៉េះ មានន័យថា ចាប់តាំងពីលោក ឃួង ស្រេង នៅជាអភិបាលខណ្ឌសែនសុខ រហូតមកដល់លោក លី សាវេត ។ ក្នុងឆ្នាំ២០១៥ លិខិតស្នើសុំតបណ្តាញទឹករបស់ពួកគាត់នេះ ទើបបានធ្លាប់មកពីសាលារាជធានីភ្នំពេញ ដោយមានចុះហត្ថលេខាផ្ទាល់ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យពួកគាត់តបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់ ។ លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងាររដ្ឋាករទឹក បានមកជីកដីចិញ្ចើមផ្លូវដើម្បីតបណ្តាញទឹក ស្រាប់តែលិចមុខស្ត្រីម្នាក់ឈ្មោះ សៀ ណាវី ហៅអូន អាយុប្រហែលជាង៦០ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ ចេញមុខមករារាំង ក្រុមការងាររដ្ឋាករទឹក មិនឲ្យជីកដីចិញ្ចើមផ្លូវ តបណ្តាញទឹកស្អាតឡើយ ។

ដោយស្រ្តីឈ្មោះ សៀ ណាវី ហៅ អូន ដែលចេញមុខរារាំង ក្រុមការងាររដ្ឋករទឹកមិនឲ្យជីកដីតបណ្តាញទឹកនោះ គឺជាតំណាងឈ្មោះ មាស ណារិទ្ធ ភេទ ប្រុស អាយុប្រហែល៦០ឆ្នាំ គឺឈ្មួញលក់ដីធ្លីមួយរូប ដែលមានអំណាចនៅតំបន់នោះ ។

ចំណែកលោក ឯក សុខុម អាយុ៥៤ឆ្នាំ មុខរបរមេ៥០ខ្នង តំណាងប្រជាពលរដ្ឋទាំងអស់ប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋរបស់លោកពិតជាបានស្នើសុំតបណ្តាញទឹកស្អាតពិតប្រាកដ ពីសាលារាជធានីភ្នំពេញ ដោយមានលិខិតស្នាមត្រឹមត្រូវពីសាលារាជធានីភ្នំពេញ អនុញ្ញាតិទៀតផង លុះរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងាររដ្ឋាករទឹកបានមកជីកដីចិញ្ចើមផ្លូវដើម្បីតបណ្តាញទឹក ស្រាប់តែលិចមុខស្ត្រីម្នាក់ឈ្មោះ សៀ ណាវី ចេញមុខមករារាំង ក្រុមការងាររដ្ឋាករទឹក មិនឲ្យជីកដីចិញ្ចើមផ្លូវ តបណ្តាញទឹកស្អាតឡើយ ។ ដោយស្ត្រីឈ្មោះ សៀ ណាវី នេះចោទប្រកាន់ថា ការជីកដីតបណ្តាញទឹកនេះ គឺជីកនៅលើដីរបស់គាត់ ទើបធ្វើឲ្យក្រុមការងាររដ្ឋាករទឹកបញ្ឈប់សកម្មភាព លែងហ៊ានជីកដីតបណ្តាញទឹកបន្តទៀត ។ ដោយហេតុនេះ ហើយពួកគាត់សូមសំណូមពរទៅដល់អាជ្ញាធរខណ្ឌ សូមកំណត់ព្រំប្រទល់ដីធ្លីឲ្យបានច្បាស់លាស់ តើដីណា គឺជាដីកម្មសិទ្ធិរបស់លោក មាស ណារិទ្ធ ហើយកំណត់ត្រឹមណា គឺជាដីចំណីផ្លូវថ្នល់សាធារណៈ ដើម្បីឲ្យដំណើរការតបណ្តាញទឹកនេះ ប្រព្រឹត្តមានភាពល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់៕

8d060560-2d1e-4428-ac26-a7426d326986

53b28b73-d625-4810-96b0-c3bbd717ccd5

7cbea1b0-0869-42b2-ae5a-2cb6cdcd36e8

b49a0efb-bdda-46a0-820a-f5462aca79c1

65328c03-e7a5-428d-b948-e290448a5ef6

e2940914-4435-4412-91a2-a7ff8e8c0fba

a7a2b4e1-7b00-4269-907e-4cc4b2ac7333

ដោយ៖ តុង សីហា

1111

...

 

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print