ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងជួបពិភាក្សាជាមួយនឹង លោក សាន សុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះនៅភូមិគ្រឹះរបស់សម្ដេចក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅមិនទាន់ដឹងថាសម្ដេចនិងលោក សាន សុជា និងពិភាក្សាអំពីអ្វីនៅឡើយទេ ខណៈសម្ដេចឲ្យដឹងថាលោក សាន សុជា គឺកំពុងនៅតាមផ្លូវទៅកាន់ភូមិគ្រឹះរបស់សម្ដេចដោយផ្ទាល់។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាសង្ឃមានចំណេះដឹងខាងពុទ្ធចក្រនិងអាណាចក្រជ្រៅជ្រះ បានសម្រេចលាចាកសិក្ខាបទកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឱ្យលើកឡើងថាអស់និស្ស័យជាភិក្ខុ។
អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា តែងមានទស្សនៈល្អៗ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុង និងក្រៅប្រទេស ដែលពុំបាន ប្រឡូកក្នុងរឿងនយោបាយឡើយ។
លោក សាន សុជា តែងលើកជាគំនិតអប់រំថា :
-បេីរឿងម្សិលមិញធ្វេីឱ្យអ្នកមិនសប្បាយចិត្ត កុំភ្លេចពេញចិត្តនឹងអ្វីដែលអ្នកកំពុងមាននៅពេលនេះ។
-កុំចេះតែអួតអាងប្រាប់គេពីភាពខ្លាំងរបស់អ្នក ឬពេលអ្នកបានអ្វីថ្មី បេីទោះជាវាបានធ្វេីឱ្យអ្នកសប្បាយចិត្ត ឬមានកម្លាំងចិត្តបន្តិចក៏ដោយ ប៉ុន្តែអ្នកបានជាភ្លេចថា អ្នកកំពុងប្រាប់គេថា អ្នកមានតែប៉ុណ្ណឹងឯង គ្មានអ្វីពិសេសជាងហ្នឹងឡេីយ។
-សីលគឺជាគ្រឿងក្រោះការពារខ្លួនរបស់អ្នកមានសទ្ធា ប៉ុន្តែក៏អាចជាខ្នោះឬជាសម្ពាធសម្រាប់អ្នកគ្មានសទ្ធាដែរ។
-ផ្លូវកាន់តែរដិបរដុប កាន់តែត្រូវពិនិត្យមេីលគ្រប់ជំហាន យ៉ាងណាមិញវិថីជីវិត កាន់តែជួបបញ្ហា កាន់តែត្រូវតាមដានមេីលចិត្តរបស់ខ្លួនដែលកំពុងប្រាកដដូចគ្នា។
បច្ចុប្បន្ន លោក សាន សុជា តែឃើញនិពន្ធបទភ្លេង និពន្ធបទចម្រៀង ហើយច្រៀងដោយខ្លួនឯង រំលឹកពីអតីតកាល និងការដឹងគុណ ដល់ឪពុកម្ដាយ នេះជាដើម ៕
ដោយ : សិលា