ភ្នំពេញ : ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមថ្លែងនូវសារលិខិតចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូន ជនរួមជាតិទាំងអស់ ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ”។ ទិវា ជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើ ការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ន ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំទិវាជាតិនេះឡើង ព្រមទាំងសូមកោតសរសើរដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់ប្រភេទ និងដៃគូអភិវឌ្ឍ ជាពិសេសវិស័យឯកជន ដែលបានផ្តល់កិច្ចសហការគាំទ្រ និងចូលរួមក្នុង ទិវាជាតិនេះទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
សេដ្ឋកិច្ចកម្ពុជា បានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា ៧% ជាង២ទសវត្សរ៍ ហើយស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣%នៃ កម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ បន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ច ក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមាន ភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។
ការប្រឈមនឹងបញ្ហាថ្មីៗទាំងនៅកម្រិតតំបន់ និងសកលលោក ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ សន្តិសុខសកល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ បានជះឥទ្ធិពល អវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ដែលជាសេដ្ឋកិច្ចបើកចំហខ្លំាង និងពឹងផ្អែកលើកត្តាខាងក្រៅ។ ទន្ទឹមនឹងនេះ ការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស ដែលនាំឱ្យកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ កំពុង ជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការ ជំនាញគ្រប់ប្រភេទ។
ឆ្លើយតបនឹងការប្រឈមនេះ ការលើកកម្ពស់ជំនាញ សមត្ថភាពនិងផលិតភាព និងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុងគ្រប់យុទ្ធសាស្ត្រ ក៏ដូចជា គោលនយោបាយនានា ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងធានាបានកំណើនខ្ពស់ បន្តការបង្កើត ការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវ ហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតមានឡើងជាយថាហេតុ។ ដើម្បីឆ្លើយតបទៅនឹង បញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ សំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ គោលនយោបាយស្តីពីពលករទេសន្តរប្រវេសន៍ឆ្នាំ២០១៩-២០២៣ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក កម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧. ព្រមទាំងផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។ ជាមួយគ្នានេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាននិងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២១-២០២៥ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និង ភាពប្រកួតប្រជែងខ្ពស់ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។ កម្មវិធីបណ្តុះបណ្តាលជំនាញត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើង។
សូមអាននូវខ្លឹមសារ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ទាំងស្រុងដូចខាងក្រោម ៕
ដោយ : សិលា