ខេត្តព្រះសីហនុ÷ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបង្ក្រាបបានករណី ប៉ុនប៉ងមនុស្សឃាតដោយប្រើកាំបិតកាប់បុរសជនជាតិចិន ៣នាក់ឲ្យរងរបួសធ្ងន់ហើយឃាត់ ខ្លួនមនុស្ស១៣នាក់ក្នុងនោះមានជនសង្ស័យជាជនជាតិចិនដែលពាក់ពន្ធ័ធ្វើសកម្មភាពហិង្សាផ្ទាល់ចំនួន៧នាក់ និង៦នាក់ផ្សេងទៀតមានជនជាតិចិន៤នាក់ ខ្មែរ២នាក់ ដែលស្នាក់ក្នុងអាគារកន្លែងកើតហេតុនាំយកមកសាក សួរបន្ថែម។
របាយការណ៍នគរបាលបញ្ជាក់ថា នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០ និង ០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅសណ្ឋាគារ ហ្សឺចៃជីងដែលមានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី ជនជាតិចិនមួយក្រុមមានគ្នាប្រហែលជា ១០នាក់ បានធ្វើសកម្មភាព ដោយប្រើកាំបិតកាប់ទៅលើបុរសជនជាតិចិន ០៣នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យចិន ថៃខាង ហើយក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាន ១នាក់ រងរបួសផ្នែកក្បាលធ្ងន់ធ្ងរជាងគេ ទើបបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងជំនាញនិងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដឹងថា បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះទាំង ០៣នាក់ រួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន ០៣គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហម ពាក់ផ្លាកលេខៈ ភ្នំពេញ 2BS-6371 , ២-ម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខៈ ភ្នំពេញ 2AD-6901 , ៣-ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BG-6980 រត់គេចខ្លួន ។
បន្ទាប់មកសមត្ថកិច្ចបានស្វែងរកឃើញ រថយន្តចំនួន ០២គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហម ,២-ម៉ាក STAREX ពណ៌ស ចតទុកនៅមុខអគារ ១កន្លែង ស្ថិត នៅភូមិ៣សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ក្នុងនោះដោយ មានការសម្របសម្រួលនីតិវិធីពីលោកសៀង សុខ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើរដ្ឋបាលឆែកឆេរនៅក្នុងអគារ ដើម្បីស្វែងរកជនសង្ស័យ។ ជាលទ្ធផលក្នុងកិច្ច ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះ៧នាក់ ភេទប្រុស ជនជាតិចិន និងបាននាំយកមនុស្សដែលធ្វើការនៅក្នុងអគារនោះ ចំនួន ០៦នាក់ផ្សេងទៀតភេទប្រុស (ចិន៤,ខ្មែរ២) យកមកធ្វើការសាកសួរតាមនិតិវិធីជំនាញ ។
ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងបន្តការស្រាវ ជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់កំពុងរត់គេចខ្លួន ៕ដោយ៖សុរិយា