ភ្នំពេញ : នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ មុននឹងអញ្ជើញក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាពិពណ៌រូបភាពជាច្រើន ដែលបង្ហាញនៅទីស្ដីការក្រសួងការពារជាតិ ដើម្បីអបអរសាទរខួប៤៦ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គួររំលឹកថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។
ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលចំខួប៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះ បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។
បច្ចុប្បន្ននេះ នៅតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រមួយនេះ ក៏មានការសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី, ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម ទីនោះដើម្បីទុកជាស្លាកស្នាមអនុស្សាវរីយ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕
ដោយ : សិលា