លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រក្រោយការដួលរលំនៃរបប ប៉ុល ពត ជាអាទិ៍៖ ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរស់ឡើងវិញ ពីការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញ, ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផលផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ រហូតប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ន ។ ទី៣. បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះអាសន្ន ជាពិសេស ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងទី៤. ផ្តល់ឱកាសក្នុងការអភិវឌ្ឍ រួមមាន៖ ការសិក្សារៀនសូត្រ, ការផ្តល់សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គមចាំបាច់នានា បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ សមិទ្ធផលទាំងអស់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺដោយសារគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ហើយតាមរយៈគោលនយោបាយទាំងនេះ គឺពិតជាបានធ្វើឱ្យប្រជាពលរដ្ឋមានសុភមង្គល និងមានជីវភាពធូរធា ដោយសារប្រមុខថ្នាក់ដឹកនាំរបស់គណបក្ស បានគិតគូរគ្រប់ជ្រុងជ្រោយតាមវិធីសាស្ត្រផ្តល់ផលប្រយោជន៍រួមដល់គ្រប់គ្នា «វិធីសាស្ត្រមើលព្រៃទាំងមូល» ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ ថា : គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន, ជារបស់ប្រជាជន និងដើម្បីប្រជាជន ។ ដូច្នេះ ក្នុងនាមជាយុវជន និងជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក, យើងមានភារកិច្ច ០៣ សំខាន់គឺ ទី១. បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន, ទី២.កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និង ទី៣. រៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ បន្ថែពីនេះ ក្នុងនាមជាសកម្មជនបក្ស និងកម្លាំងទ័ពដ៏មុតស្រួចរបស់ជំរុំទេវតា គឺដាច់ខាតត្រូវចូលរួម និងធ្វើសកម្មភាពដើម្បីឱ្យគណបក្សឈ្នះឆ្នោតលើសលប់ និងឈ្នះដោយបានបេះដូងរបស់ប្រជាជន ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយក្នុងនេះ យើងមានកិច្ចការសំខាន់ ៣ គឺ៖ ទី១. ត្រូវរៀបចំត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ដោយត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, មានឯកសារអត្តសញ្ញាណ និងទៅបោះឆ្នោត, ២. បំប៉នស្មារតីសតិអារម្មណ៍ដោយប្រកាន់ខ្ជាប់គោលការណ៍ដឹកនាំរបស់បក្ស និងយល់ច្បាស់អំពីបុព្វហេតុរបស់បក្ស ហើយផ្សព្វផ្សាយដល់សាច់ញាតិក្រុមគ្រួសារ និងមិត្តភក្តិ និង៣. រៀបចំផែនការសកម្មភាព និងចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រទេសជាតិយើង, សូមក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ គឺ៖ ទី១. ការពារបក្ស ការពារសមិទ្ធផលរបស់ និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និង ទី៣. វាយលុកតាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print