ប្រតិភូសារព័ត៌មានកម្ពុជា-ចិន​ ជួបសំណេះសំណាល និងសិក្សាស្វែងយល់ពីវិទ្យាស្ថានកិច្ចការអាស៊ាន​ នៃសាកលវិទ្យាល័យជាតិក្វាងស៊ី ​

ចែករំលែក៖

ប្រទេសចិនប្រតិភូសារព័ត៌មានកម្ពុជា និងសារព័ត៌មាន Guangxi Daily របស់ចិន បានជួបសំណេះសំណាល និងសិក្សាស្វែងយល់ពីវិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិក្វាងស៊ី ​(GuangXi University for Nationalities) ដែលជាសាកលវិទ្យាល័យដ៏ធំប្រចាំខេត្តក្វាងស៊ី ប្រទេសចិន

នាឱកាសនោះលោក យី ស៊ីអ៉ី អនុប្រធានវិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិក្វាងស៊ី បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ សារព័ត៌មានក្នុងការផ្សព្វផ្សាយទៅកាន់មហាជន និងអះអាងថា វិទ្យាស្ថានរបស់លោក បានយកចិត្តទុកដាក់ជាមួយសារព័ត៌មានមកពីប្រទេសអាស៊ាន។ លោកបានបង្ហាញអំពីប្រវត្តិសាកលវិទ្យាល័យជាតិក្វាងស៊ី ដែលបង្កើតឡើងកាលពីឆ្នាំ១៩៥២ ដោយមានវិទ្យាស្ថានចំនួន២៨ ព្រមទាំងអះអាងដែរថា វិទ្យាស្ថាននេះចាប់ផ្តើមទទួលសិស្សបរទេសចាប់តាំងពីឆ្នាំ២០២១ ហើយវិទ្យាស្ថានក៏គ្រោងបង្កើតវេទិកាបញ្ញវន្ត និងសារព័ត៌មានផងដែរ។

អនុប្រធានវិទ្យាស្ថានកិច្ចការអាស៊ានរូបនេះបានឱ្យដឹងដែរថា៖សាកលវិទ្យាល័យជាតិក្វាងស៊ី គឺជាសកលវិទ្យាល័យខ្នាតយក្សលំដាប់លេខ២ នៅខេត្តក្វាងស៊ី ដែលក្នុង១ឆ្នាំៗមានសិស្សបរទេសខ្ទង់ពាន់នាក់ទៅសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ ដល់បណ្ឌិត។ ហេីយសាកលវិទ្យាល័យនេះ ក៏ធ្លាប់បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រដល់ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៥និងផ្តល់សញ្ញាបត្រដូចគ្នានេះជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅឆ្នាំ២០១៧ ផងដែរ។

លោកយី ស៊ីអ៉ី បានបញ្ជាក់ថា វិទ្យាស្ថានរបស់លោក ពេលនេះក៏កំពុងសិក្សាអំពីទំនាក់ទំនងចិនអាស៊ាន ជាពិសេសការសិក្សាទំនាក់ទំនងរវាងកម្ពុជាចិន ខណៈប្រទេសទាំងពីរកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

នាឱកាសនោះដែរប្រធានកិច្ចការអាស៊ានរបស់សារព័ត៌មាន Guangxi Daily លោក ម័រ យិនលី ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជាចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍វាសនារួម។ លោកបានបង្ហាញអំពីប្រវត្តិទំនាក់ទំនងការទូតប្រទេសទាំងពីរដែលបង្កើតឡើងដោយមេដឹកនាំកម្ពុជាចិន កាលពីឆ្នាំ១៩៥៨។

ជាមួយគ្នានោះអគ្គនាយកសារព័ត៌មាន The Cambodia Commercial News និងជាអគ្គនាយកសារព័ត៌មាន​ CC-Times ដែលជាប្រធានគណៈប្រតិភូសារព័ត៌មានកម្ពុជា លោក ផ្លុង វិចិត្រ បានថ្លែងអំណរគុណដល់ វិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិក្វាងស៊ី ដែលបានទទួលស្វាគមន៍គណៈប្រតិភូសារព័ត៌មានកម្ពុជា។

លោកផ្លុង វិចិត្របានបញ្ជាក់បន្ថែមថា ទស្សនកិច្ចសារព័ត៌មានកម្ពុជា នៅខេត្តក្វាងស៊ីនាពេលនេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងសារព័ត៌មានប្រទេសទាំងពីរ។ លោកក៏បានស្វាគមន៍ផងដែរ ចំពោះវិទ្យាស្ថានកិច្ចការអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានកម្ពុជា។

...

សូមជម្រាបជូនថា​ ក្នុងដំណើរចុះសិក្សាស្វែងយល់នេះ បានធ្វេីឡេីងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ប្រតិភូសារព័ត៌មានកម្ពុជាមានស្ថាប័នព័ត៌មានដែលចូលរួមដូចជា៖ កាសែតនគរវត្ត​ ,កាសែត The Commercial News ,ទូរទស្សន៍​ BTV ,FRESH NEWS ,សុីសុីថាមស៍ចិនខ្មែរ ,កម្ពុជាថ្មី ,សារព័ត៌មាន ថ្មីៗ ,រស្មីកម្ពុជា ,Khmer Times និងសារព័ត៌មានចិន ជាវហ្វា ត្រូវបានស្វាគមន៍ដោយភាគីវិទ្យាស្ថាន ដឹកនាំដោយ លោក យី ស៊ីអ៉ី (Ye Xingyi) អនុប្រធានវិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិក្វាងស៊ី៕ដោយ៖សតារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print