លោក​ នេត្រ​ ភក្ត្រា​៖​ «កម្ពុជាកំពុងធ្វើដំណើរឈានទៅទទួលបាន ចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច»

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រសួងបរិស្ថាន​ បានឱ្យដឹងថា ខេត្តបាត់បាត់ដំបង និងខេត្តប៉ៃលិន​ រួមគ្នាប្រារព្ធយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីរួមខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបាត់ដំបង និងអង្គការដៃគូរអភិក្សនានាក្នុងប្រទេសកម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តនេះ ត្រូវបានជួយសម្រប សម្រួលនិងគាំទ្រថវិកាមួយចំណែកដោយមូលនិធិម៉ាដក្សចូលីភីត (MJP) ។

យុទ្ធនាការមហាជនមួយនេះ ផ្តោតលើការបង្កើនការយល់ដឹងនិងទាញការចូលរួមពីសាធារណជនគ្រប់ស្រទាប់ដើម្បីជួយការពារសត្វព្រៃយើងកុំឲ្យបាត់បង់ដោយការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ ជាងនេះទៀត យុទ្ធនាការអន្ទាក់សូន្យនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញផងដែរពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រសួងបរិស្ថាន ជាមួយនឹងស្ថាប័នដៃគូអភិក្សនានា រួមមាន៖ អង្គការ មូលនិធិសកលសម្រាប់ធម្មជាតិ (WWF) មូលនិធិម៉ាដក្សចូលីភីត (MJP) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ(Wild Earth Allies) អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា(CI) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) អង្គការជីវិតធម្មជាតិកម្ពុជា (Nature Life) អង្គការសត្វព្រៃនិងរុក្ខជាតិ កម្ពុជា(FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងក្រុមហ៊ុនវីតាល់និងមីជាតិ (Vital and Mee Chiet)។ ដៃគូសហការទាំងអស់នៃយុទ្ធនាការ បានធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីកាត់បន្ថយ និងលុបបំបាត់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងគោលដៅផ្តល់នូវជម្រកសុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀតដែលមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី។

ថ្លែងក្នុងនាមជាប្រធានយុទ្ធនាការអន្ទាក់សូន្យ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអ្នកពាក់ព័ន្ធគ្រប់រូបទាំងពីរដំណាក់កាលកន្លងមកនេះ។ ក្នុងការអនុវត្តយុទ្ធនាការរយៈពេលជិត១២ខែកន្លងមកនេះ យើងមើលឃើញផ្លែផ្កាជាច្រើន ដែលវាមិនចាំបាច់ធ្វើការវាយតម្លៃតាមលក្ខណៈវិទ្យាសាស្រ្តនោះទេ។ ក្នុងនោះ គឺការសម្របសម្រួលដ៏ល្អ ការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងដ៏សស្រាកសស្រាំពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។ ក្នុងកំឡុងពេលអនុវត្តយុទ្ធនាការនេះដែរ យើងសង្កេតឃើញវប្បធម៍ធ្វើការថ្មីមួយ ដែលក្នុងនោះគឺការសហការដ៏ល្អរវាងអង្គការដៃគូទាំងអស់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាពិសេស គឺបណ្តាមន្ទីរបរិស្ថានទាំង១២ខេត្ត»។ 

មានភូមិសាស្ត្រក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តបាត់ដំបងនិងប៉ៃលិនគឺជាខេត្តដែលមានធនធានធម្មជាតិដ៏សំបូរបែបមួយ រាប់ចាប់ពីភ្នំ ដល់ទន្លេ ហើយរួមទាំងធនធានសត្វព្រៃផងដែរ។ លើសពីនេះ ខេត្តទាំងពីរក៏មានប្រវត្តិយូរលង់ផងដែរ។  ក៏ប៉ុន្តែ ចំនួនសត្វព្រៃក្នុងខេត្តបាត់ដំបងនិងប៉ៃលិន រួមទាំងនៅតាមបណ្តាខេត្តផ្សេងៗទៀត បាននឹងកំពុងមានការថយចុះគួរឲ្យកត់សម្គាល់ ពីសកម្មភាពអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ ដែលបណ្តាលមកពីទីផ្សារសាច់សត្វព្រៃ សម្រាប់បរិភោគនិងសម្រាប់ប្រើប្រាស់ជាថ្នាំព្យបាល។  

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានមានប្រសាសន៍ថា៖​ «ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងបង្កឲ្យមានអតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះ ខ្ញុំសូមសំណូមពរយ៉ាងទទូចឲ្យសាធារៈជនទាំងអស់ចូលរួមជាមួយយើង។ វាដល់ពេលហើយសម្រាប់ អ្នកនិយមបរិភោគសាច់សត្វព្រៃបញ្ឈប់ការបរិភោគ អ្នកជួញដូរបញ្ឈប់ការជួញដូរ ហើយអ្នកដាក់អន្ទាក់បញ្ឈប់សកម្មភាពដាក់អន្ទាក់។ សម្រាប់សាធារៈណជនទូទៅ ខ្ញុំសូមលើកទឹកចិត្តឲ្យពួកគាត់ក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់សត្វព្រៃ ដោយការនិយាយថាទេ ចំពោះសាច់សត្វព្រៃនិងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួមនឹងការផ្សព្វផ្សាយបន្ថែមពី សារៈសំខាន់នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក»។ 

លោករដ្ឋលេខាធិការបានបន្ថែមថា៖ «កម្ពុជាយើងកំពុងធ្វើដំណើរឈានទៅទទួលបាន ចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និង ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហេតុដូចនេះ វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់ និងផ្នត់គំនិតចាស់ៗ មិនអាចជម្រុញឲ្យយើងទទួលបានគោលដៅនេះនោះទេ។ ហើយ ដើម្បីទទួលបានផ្លែផ្កាដូចដៅទុក យើងត្រូវការការចូលរួមពីប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់។ យើងត្រូវរួមគ្នា ដើម្បីអនាគតល្អប្រសើររបស់យើងទាំងអស់គ្នា»។

លោក គង់ មុនីច័ន្ទ នាយកមូលនិធិ MJP ប្រចាំនៅកម្ពុជា បានចង្អុលបង្ហាញថា៖ « ការអភិរក្សនិងការពារសត្វព្រៃ គឺជានិន្នាការរួមនៃពិភពលោក។ បទពិសោធន៍នៅប្រទេសជាច្រើនបានបញ្ជាក់ឲ្យឃើញថា ការអភិរក្សសត្វព្រៃបានផ្តល់មកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច សហគមន៍ និងប្រទេសទាំងមូល។ ការសិក្សាថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅក្នុងតំបន់ព្រៃនានា នៃប្រទេសកម្ពុជាយើង ក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។ ការបញ្ឈប់នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃ និងប្តូរមកជាការជួយការពារសត្វព្រៃ គឺជាជម្រើសមួយដ៏ត្រឹមត្រូវ សម្រាប់កម្ពុជា។  យុទ្ធនាការអន្ទាក់សូន្យ គឺជាសំឡេងដាស់តឿនដ៏ប្រសើរ និងទាន់ពេលវេលា ក្នុងការជួយប្តូរទស្សនាទាន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃ ដ៏កម្រនិងមានតម្លៃ នៃប្រទេសយើង»។ 

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា៖ «យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តបាត់ដំបងនេះ គឺជាយុទ្ធនាការចុងក្រោយគេនៅតាមបណ្តាខេត្តសរុបចំនួនទាំង ១២ ដែលបានអនុវត្តក្នុងប្រទេសកម្ពុជាចាប់តាំងពីខែមិនា ឆ្នាំ២០២២មកម្លេះ។ ការកៀរគរសាធារណៈជន មកចូលរួមនិងឯកភាពលើគំនិតនិងសកម្មភាពរួមគ្នាដើម្បីប្រយោជន៍រួម មិនមែនជារឿងងាយស្រួលនោះទេ ក៏ប៉ុន្តែស្ថិតក្រោមភាពជាដៃគូយុទ្ធសាស្រ្ត យើងធ្វើការងារនេះបានដោយជោគជ័យ។ ថ្វីត្បិតថាយុទ្ធនាការរបស់យើងត្រូវបានបញ្ចប់ ប៉ុន្តែបេសកកម្មដើម្បីបង្កើតទីជម្រកសុវត្ថិភាពដល់សត្វព្រៃនៅមិនទាន់បញ្ចប់នៅឡើយទេ។ ក្រសួងបរិស្ថាននិងអង្គការដៃគូរនឹងបន្តធ្វើការរួមគ្នាលើការត្រួតពិនិត្យទីផ្សារសាច់សត្វព្រៃ បញ្ឈប់ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសកម្ពុជា»។  លោក សេង ទៀក បានបន្ថែមថា៖ «ដើម្បីធានាបានចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងព្រៃ និងតំបន់ការពារធម្មជាតិ យើងត្រូវបង្កើតនិងអនុវត្តគម្រោងបង្កើនសេដ្ឋកិច្ចមូលដ្ឋានឲ្យបានច្រើន ដែលអាចជួយដល់ជីវភាពសហគមន៍មូលដ្ឋានដើម្បីកុំឲ្យពួកគាត់ពឹងអាស្រ័យតែលើធនធានព្រៃឈើនិងសត្វព្រៃ»។ 

លោក John Willis នាយកប្រចាំប្រទេសនៃសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា៖ «អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីសម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដទៃទៀតនៅក្នុងសហគមន៍គឺទទួលរងនូវការបាត់បង់។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូលដែលទទួលបានតាមរយៈការលក់ឥណទានកាបូនដែលជាការរួមចំនែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ»។ 

កញ្ញា Christel Griffioen នាយិកា ACCB បានលើកឡើងថា៖ «តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលសម្បូណ៍ជីវៈចម្រុះច្រើនជាងគេបំផុតនៅលើផែនដីហើយក្រុមអ្នកវិទ្យាសាស្ត្របន្តរកឃើញប្រភេទសត្វដែលថ្មីសម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ថ្មីៗនេះ សត្វល្មូនប្រភេទថ្មីចំនួន២ ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ក្នុងខេត្តសៀមរាប។ អន្ទាក់ជាឃាតុករលាក់មុខ ហើយអន្ទាក់គំរាមកំហែងដល់ប្រភេទសត្វជាច្រើន រួមទាំងប្រភេទទាំងនោះដែលយើងមិនទាន់រកឃើញនៅឡើយ។ អន្ទាក់ត្រូវបានគេគិតថាជាឧបករណ៍ប្រមាញ់សត្វដ៏ឃោរឃៅបំផុតព្រោះជួនកាលសត្វជាប់នឹងអន្ទាក់អាចរងទុក្ខជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលស្លាប់ដោយសាររបួស អត់ទឹក ឬអត់ចំណី»។ 

កញ្ញា Christel បានបន្តទៀតថា៖ «កម្មវិធីស្ដារចំនួនរបាយប្រជាសាស្រ្ដនៃប្រភេទសត្វកម្រក្រោមការថែទាំដោយមនុស្ស ជាផ្នែកមួយនៃកម្មវិធីស្តុកទុកនិងបង្កាត់ពូជប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ហើយការលែងសត្វទាំងនេះត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញអាចធ្វើទៅបានតែនៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព និងតំបន់ដែលគ្មានការដាក់អន្ទាក់។ ចំពោះបញ្ហានេះពួកយើងស្នើរសុំឱ្យមានការពង្រឹងការអនុវត្តច្បាប់ការចុះល្បាតឱ្យមានប្រសិទ្ធភាព និងការអនុវត្តច្បាប់ការហាមឃាត់ការដាក់អន្ទាក់សត្វព្រៃយ៉ាងតឹងរឹងបំផុត»។

លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោក នៃអង្គការ សត្វព្រៃ & រុក្ខជាតិ ប្រចាំប្រទេសកម្ពុជា (FFI) បានឲ្យដឹងថា៖​ «ភពផែនដីយើងកំពុងមានការប្រែប្រួល ហើយប្រព័ន្ធអេកូឡូស៊ីដែលយើងកំពុងពឹងផ្អែកលើក៏មានបម្រែបម្រួលដូចគ្នាដែរ។ សកម្មភាពមនុស្សត្រូវបានចាត់ទុកជាកត្តាចម្បងដែលជំរុញឱ្យមានការបម្រែបម្រួលនេះ។ ការប៉ះពាល់ដោយផ្ទាល់រវាងមនុស្ស និងសត្វព្រៃកំពុងកើនឡើងតាមរយៈការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ សកម្មភាពខុសច្បាប់ទាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសុខភាពសាធារណៈតាមរយៈការចម្លងជំងឺពីសត្វទៅមនុស្ស។ នៅក្នុងបរិបទនេះ ពិភពលោកបានជំរុញឱ្យមនុស្សទាំងអស់ប្រកាន់យកអភិក្រមសុខភាពតែមួយ ដើម្បីសម្រេចបាននូវលទ្ធផលសុខភាពដ៏ល្អប្រសើរសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ និងបរិស្ថាន   រួម។ ការដក ការកាត់បន្ថយ និងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃគ្រប់ប្រភេទ នឹងរួមចំណែកកាត់បន្ថយហានិភ័យនៃការកើតឡើងនៃមេរោគថ្មីៗ ដែលត្រូវបានចម្លងពីសត្វទៅមនុស្ស និងក្នុងពេលជាមួយគ្នាធ្វើឱ្យមានតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងភាពល្អប្រសើរឡើងនូវសុខុមាលភាពរបស់មនុស្ស»។ 

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិកម្ពុជា បានមានប្រសាសន៍ថា៖ «ការបរិភោគសាច់សត្វព្រៃគឺជាមូលហេតុចំបងដែលជំរុញឱ្យមានការដាក់អន្ទាក់ ការបបាញ់ និងការបំពុល។ អន្ទាក់រាប់ពាន់កំពុងតែបន្តដាក់ដើម្បីចាប់សត្វព្រៃ បើសកម្មភាពល្មើសច្បាប់នេះនៅតែបន្តកើនឡើងព្រៃឈើរបស់យើងនិងក្លាយជាព្រៃដែលគ្មានសត្វ។ សាធារណជន អជ្ញាធរមូលដ្ឋាន អង្គការ និងស្ថាប័នមានសមត្ថកិច្ចត្រូវរួមដៃគ្នាទប់ស្តាត់ការដាក់អន្ទាក់ក្នុងព្រៃនិងការជួញដូរសាច់សត្វព្រៃគ្រប់រូបភាព។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសំណូមពរសូមអោយមានការដាក់ទោសតាមច្បាប់ដល់ជនដែលបបាញ់និងជួញដូរសត្វព្រៃ និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរាយការណ៍ពីទីតាំងលក់សាច់សត្វព្រៃដល់អជ្ញាធរមានសមត្ថកិច្ចតាមទូរស័ព្ទ 012500094»។ 

វីតាល់ ក្នុងនាមជាវិស័យឯកជន សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះ យុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិ ដំណាក់កាលទី២ តាមរយៈមូលនិធិ២៥៛ ដែលជាការបរិច្ចាគពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដោយក្រុមហ៊ុនបានកាត់ចេះប្រាក់ចំណេញចំនួន ២៥រៀល ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពបរិស្ថាន សប្បុរសធម៌ និងការងារសង្គមនានា។ បុរេប្រទាន នេះ បានជម្រុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងសកម្មភាពទាក់ទងជាមួយបរិស្ថាន។

ក្នុងគោលបំណងត្រួតពិនិត្យផលប៉ះពាល់ពីយុទ្ធនាការដំណាក់កាលទី២  ក្រសួងបរិស្ថាន ជាមួយគ្នានឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ នឹងមានការប្រជុំបញ្ចប់ដំណាក់កាល ក្នុងខែកក្កដា ក្រោមប្រធានបទ «ធម្មជាតិ សត្វព្រៃ និងការអភិរក្ស»។ លទ្ធផលពីអនុវត្តយុទ្ធនាការនឹងត្រូវផ្សព្វផ្សាយទៅកាន់សាធារៈណជន និងអ្នកសារព័ត៌មាន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print