ភ្នំពេញ៖ សត្វត្រដក់ធំ-Greater Adjutant មានឈ្មោះវិទ្យាសាស្ត្រ Leptoptilos dubius ជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា តាមការដកស្រង់ចេញពីសៀវភៅកម្ពុជាមាតុភូមិ សត្វត្រដក់ធំ ភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ មានបន្ទាយពងកូនយ៉ាងធំ នៅតំបន់ព្រែកទាល់បឹងទន្លេសាប ដែលជាបន្ទាយពងកូនធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា បន្ទាយពងកូនធំជាងគេ ទីពីរលើពិភពលោក។
ត្រដក់ធំ វាមានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាល ផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោម ស នៅគល់ក និងថង់យាម មួយនៅករបស់វា។ ចំណីរបស់វាមាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វ ស្លាបដទៃស៊ីជាអាហារ៕ដោយ៖សហការី