សេចក្តីបំភ្លឺព័ត៌មាន ស្តីពីការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ព្រមទាំងបណ្តាញសារព័ត៌មានមួយចំនួន ពាក់ព័ន្ធករណី ការសាងសង់សំណង់រឹង និងការចាក់ដីលុបចូលស្ទឹងសង្កែ

ចែករំលែក៖

ភ្នំពេញ : រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថាៈ ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ការបញ្ចេញមតិ និង ការចែករំលែក(Share) ព្រមទាំងបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធករណីការសាងសង់សំណង់រឹង និង ការចាក់ដីលុបចូលស្ទឹងសង្កជិតដល់កណ្តាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជន។ ចំពោះករណីនេះ រដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺបន្ថែមដូចតទៅៈ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកអភិបាល នៃគណៈ អភិបាលខេត្ត បានចាត់តាំងមន្ត្រីជំនាញចុះទៅពិនិត្យ និងធ្វើការវាស់វែងផ្ទៀងផ្ទាត់ម្តងទៀតជាមួយប្លង់ដី កម្មសិទ្ធិ ហើយបន្ទាប់មកនៅរសៀលថ្ងៃដដែល លោក បានដឹកនាំកិច្ចប្រជុំពិភាក្សាជុំវិញករណីនេះ និង បានចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ហើយបានពិនិត្យឃើញថា ការសាងសង់ផ្ទះរបស់ម្ចាស់សំណង់ គឺធ្វើនៅ លើប្លង់កម្មសិទ្ធិស្របច្បាប់ មិនប៉ះពាល់លើដីចំណីស្ទឹងនោះទេ ហើយការធ្វើច្រាំងស្ទឹង គឺតាមលំនាំដើម និង តាមដំណេកស្ទឹងពីធម្មជាតិ។ តែអ្វីដែលនៅខ្វះខាត គឺម្ចាស់សំណង់មិនទាន់បានកាយដីដែលចាក់ទប់ធ្វើ ច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះម្ចាស់សំណង់ បានយល់ព្រមកាយដីចេញឱ្យអស់ដូចស្ថានភាព ដើមឆាប់រហ័ស មុនទឹកស្ទឹងឡើងក្នុងរដូវវស្សានេះ។ ហើយម្យ៉ាងទៀត ម្ចាស់សំណង់បានស្ម័គ្រចិត្តរុះរើ សំណង់វេរ៉ងដា ដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាងស្ទឹង ឃើញសសរ ខាងក្រោមវេរ៉ង់ដារស្អេកស្កះមិនស្អាត ហើយអាចស្ទះចរន្តទឹក និងអាចមានសំរាម ឬសំណាកឈើជាប់នឹង សសរនោះ។ ចំពោះករណីនេះ ម្ចាស់សំណង់ក៏បានឯកភាពរុះរើវេរ៉ង់ដារនេះចេញ។

បន្ទាប់ពីទទួលបានការណែនាំពី រដ្ឋបាលខេត្ត ម្ចាស់សំណង់បានឯកភាពកាយដីចេញ និងរុះរើ វេរ៉ង់ដារចេញ និងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដោយចាប់ផ្តើមអនុវត្តការងារពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ ហើយ រដ្ឋបាលខេត្ត នឹងបន្តពិនិត្យតាមដានការងាររហូតដល់រួចរាល់ជាស្ថាពរ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្ត បាត់ដំបង បានបង្ហោះតាម facebook យ៉ាងដូច្នេះថា : កាលពីព្រឹកថ្ងៃទី២៣-៦-២០២៣ ខ្ញុំបានអោយជំនាញចុះទៅពិនិត្យជាក់ស្ដែងបន្ថែមទៀត ហើយខ្ញុំបានដឹកនាំប្រជុំពិនិត្យនៅល្ងាចថ្ងៃដដែលនិងចុះទៅទីតាំងផ្ទាល់ក្រោយប្រជុំចប់។
ពិនិត្យឃើញថា:
-សំណង់អាគារគឺនៅលើដីកម្មសិទ្ធិរបស់គេ
-ការធ្វើច្រាំងស្ទឹងគឺតាមលំនាំនិងតាមដំណេកស្ទឹងពីធម្មជាតិ តែអ្វីដែលនៅខ្វះខាតគឺម្ចាស់គាត់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះគាត់បានឯកភាពកាយចេញអោយបានអស់ដូចស្ថានភាពដើមនិងអោយបានលឿនមុនទឹកឡើង….។
-ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្តយកចេញនូវវេរ៉ង់ដាដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសរសរ អាក្រក់មើល…ហើយអាចស្ទះចរន្តទឹកតិចតួចដែរពេលខែទឹកឡើង….។ សូមអរគុណ ។
សូមបញ្ជាក់ថា : នៅថ្ងៃនេះ ឃើញម្ចាស់ទីតាំង បានកាយដី ថ្ម ពីស្ទឹង តាមការណែនាំ របស់អភិបាលខេត្ត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print