ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់បានបើករថយន្ត MG យ៉ាងលឿនជ្រុលទៅប៉ះរថយន្តកាមរីបាឡែនហើយក៏ក្រឡាប់ផ្ងារជើងមួយចំហៀងទៅប៉ះនឹងរថយន្តព្រូសមួយគ្រឿងទៀតដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣នៅត្រង់ចំណុចខាងក្រោយព្រះបរមរាជវាំងតាមបណ្តោយផ្លូវលេខ១៩ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកMG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-4589បើកបរដោយស្ត្រីស្រស់ស្អាតម្នាក់តាមផ្លូវលេខ១៩ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បាន រេចង្កូតទៅប៉ះនឹងរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AN-4899ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យក្រពឹតផ្នែកខាងឆ្វេងខាងក្រោយ ហើយរថយន្តបង្កក៏ក្រឡាប់ផ្ងារជើងមួយចំហៀងទៅប៉ះរថយន្តតូយូ៉តាព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BM-5902 ដែលចតនៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុក៏ឱ្យភាគីទាំងបីចរចាគ្នា។ មួយសន្ទុះក្រោយមកខាងភាគីរថយន្ត MGបានចេញសងសំណងរាល់ការខូចខាតរថយន្តទាំងពីរគ្រឿងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ភារ៉ា ដង្កោ