រថយន្តម៉ាកឡង់គ្រីស័រ​ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ពីរកង់ខ្ទាតទៅលើចំណីផ្លូវម្ខាង រីឯរថយន្តខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់និងខ្ទាតទៅចំណីផ្លូវម្ខាងទៀត បន្ទាប់ពីមានជនជាតិបរទេសបានបើករថយន្តម៉ាកឡង់គ្រីស័រយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងធ្វើឱ្យរថយន្តខូចមួយកំណត់មុខយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី ២៦ ខែមិថុនា ឆ្នាំ២០២៣នៅត្រង់ចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។

​     បេីតាមប្រភពពីកន្លែងកើតហេតុបានដឹងថា ពីដំបូងឡើយគេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ2BC.7716បើកបរដោយជនជាតិបរទេសជិះគ្នាពីរនាក់តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន  ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យបាក់អស់ពីរកង់ខ្ទាតទៅចំណីផ្លូវម្ខាង ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនជាតិបរទេសយកទៅសួរនាំបន្តតាមនីតិវិធី។

...

​     ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print