ខេត្តឧត្តរមានជ័យ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ចូនខ្លួនមុខសញ្ញាលួចយ៉ាងសកម្មនៅតាមបណ្ដារាជធានី-ខេត្ត ចំនួន ៣នាក់ទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
លោកវរសេនីយ៍ ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពី ជនរងគ្រោះឈ្មោះ ធ សុលាង ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ភ្លាម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩៖១០នាទី កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ ដឹកនាំដោយ លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្រឡាញ់ ធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ០៣ នាក់ (មុខសញ្ញាលួចយ៉ាងសកម្មតាមបណ្តារាជធានី/ខេត្ត) ដែលមានឈ្មោះដូចខាងក្រោម៖ ទី១. ឈ្មោះ សេង ធី ភេទស្រី អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ (ជនដៃដល់)។ ទី២. ឈ្មោះ ហ៊ាន ណាក់ ភេទស្រី អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិអូរកណ្ដាល ឃុំព្រៃក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (អ្នកសមគំនិត)។ ទី៣. ឈ្មោះ វន វឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកសមគំនិត និងជាអ្នកបើកបរ Pass App ដើម្បីដឹកជញ្ជូន)។
ព្រមទាំងបានចាប់យកវត្ថុតាង Pass App ១គ្រឿង ផងដែរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ បន្តដើម្បីចាត់ការតាមនីតិវិធី។ ហើយក្នុងពេលសាកសួរ ជនសង្ស័យទាំង ៣នាក់ ខាងលើបានឆ្លើយសារភាពថា៖ ពួកគេពិតជាបាននាំគ្នាជិះ Pass App ពីខេត្តសៀមរាប មកខេត្តឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាពលួចប្រាកដមែន ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩៖០០នាទី មានកើត ករណីលួចលុយ នៅចំណុចតូបលក់ខោអាវ មុខផ្សារសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ ដែលបង្កឡើងដោយជនសង្ស័យ ១ក្រុម មានគ្នា ចំនួន ០៣នាក់ (មិនស្គាល់អត្តសញ្ញាណ) បានធ្វើសកម្មភាពលួចលុយរបស់ជនរងគ្រោះ ឈ្មោះ ធ សុលាង ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅអាសយដ្ឋានខាងលើ អស់ប្រាក់ដុល្លាចំនួន ១០០ដុល្លាសហរដ្ឋអាមេរិក និងប្រាក់ខ្មែរចំនួន ៤០៤,០០០ រៀលគត់ ។ ហើយបន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ តាមរយៈ Pass Appខាងលើ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បញ្ចូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖អារុណរះ