ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពឆក់ការទូរសព្ទ័ដៃពីនារីម្នាក់ តែមិនបានសម្រេច និងព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវនារីរងគ្រោះ មានចិត្តក្លាហានជិះម៉ូតូដេញបុកបណ្ដាលឱ្យដួលតែម្តង។
ករណីឃាត់ខ្លួនចោរឆក់ទូរសព្ទដៃទាំងពីរនាក់នេះ បានកើតឡើង កាលវេលាម៉ោង៦៖៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ៣៥១ ក្នុងភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពពីនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុរូបនាងបានជិះម៉ូតូ Fino ពណ៌លឿង ដោយធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ៣៥១ គោលបំណងមកទៅផ្ទះខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់នេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៍ខ្មៅលាយបៃតង គ្មានស្លាកលេខ ធ្វើដំណើរស្របគ្នាមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរសព្ទ័របស់គាត់កំពុងតែនិយាយ តែមិនបានសម្រេច។
ភ្លាមនោះរូបនាងក៏បានជិះម៉ូតូដេញតាមពីក្រោយ ស្រែកថាចោរៗផ្អើលដល់ប្រជាពរដ្ឋ នៅក្បែរកន្លែងកេីតហេតុ នាំគ្នាជួយអន្ដគមន៍ដេញតាមចាប់ជនសង្ស័យ ដែលព្យាយាមជិះរត់គេចខ្លួន បានត្រឹមតែប្រមាណជា១០០ម៉ែត្រ ក៏ត្រូវជនរងគ្រោះជិះម៉ូតូបំបុក ចំពាក់កណ្ដាលម៉ូតូ បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងដួល ហេីយពេលនោះជនសង្ស័យទាំង២នាក់ ក៏ប្រតាយប្រតប់គ្នា ជនរងគ្រោះរងរបួសមុខស្រាល ឃេីញដូចនេះប្រជាពរដ្ឋ ជួយចាប់ក្របួចជាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុ រួចនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង និងជនសង្ស័យព្រមទាំងម៉ូតូវត្ថុតាងធ្វេីសកម្មភាពទៅប៉ុស្តិ៍និរោធ ដើម្បីសាកសួរនិងបន្តនីតិវិធី៕ដោយ៖សហការី