ខេត្តព្រៃវែង៖ បើតាមការបញ្ជាក់ពីមន្រ្តីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ ករណីស្ត្រីមេម៉ាយម្នាក់ និងកូនតូចអាយុ ២ខួប ដែលត្រូវភ្លើងឆេះស្លាប់នៅក្នុងផ្ទះ កាលពីប៉ុន្មានថ្ងៃមុន សង្ស័យករណីគ្រោះអគិ្គភ័យនោះ ក្រោយកម្លាំងជំនាញចុះស្រាវជ្រាវរហូតឈានដល់ការស្វែងរកការពិតហើយ តាមពិតគឺជាករណីឃាតកម្ម ខណៈជនរងគ្រោះម្តាយ និងកូនប្រុស ត្រូវបានឃាតកសម្លាប់ រួចដុតបំផ្លាញសាកសពនៅក្នុងផ្ទះតែម្ដង។
មន្រ្តីជំនាញខេត្ត បានឱ្យដឹងទៀតថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទី យប់ថ្ងៃទី២៤ ខែមិថុនាថ្មីៗនេះ នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សពជនរងគ្រោះឈ្មោះ ប៉យ យឹម ភេទស្រី អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ និងកូនប្រុសម្នាក់ ឈ្មោះ ប៉យ ចាន់ អាយុ ២ខួប សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានស្លាប់នៅក្នុងភ្នក់ភ្លើង យ៉ាងអាណោចអាធ័ម។ បន្ទាប់ពីមានការសង្ស័យទេីបកម្លាំងសមត្ថកិច្ច បេីកការស៉េីបអង្កេត និងចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ២ថ្ងៃ ទីបំផុតសមត្ថកិច្ចជំនាញបានរកឃើញថា ការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់ម្ដាយកូន មិនមែនដោយសារគ្រោះអគ្គិភ័យនោះទេ គឺជាករណីឃាតកម្ម។
ជាមួយគ្នានេះ កម្លាំងជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ ម្នាក់ជាជាងសំណង់ និងម្នាក់ទៀត ជាប្រពន្ធមេជាងសំណង់។ ហេីយឈានទៅដល់ការធ្វើឃាតទៅលើជនរងគ្រោះទាំងពីរនាក់ ម្ដាយកូននេះ ត្រូវបានសមត្ថកិច្ចនៅមូលដ្ឋាន បានបញ្ជាក់ថា គឺផ្ដើមចេញពីរឿងទំនាស់ស្នេហាត្រីកោណ ដោយជនរងគ្រោះ បានលួចមានទំនាក់ទំនងស្នេហា ជាមួយនឹងមេជាងសំណង់ ដែលត្រូវជាប្ដីរបស់ជនសង្ស័យ ហើយក្រោយពីដឹងរឿង ស្ត្រីជាជនសង្ស័យ បានរៀបផែនការ និងបញ្ជាឲ្យបុរស ជាកូនជាងរបស់ខ្លួន រួមគំនិតគ្នា ចូលទៅសម្លា.ប់ស្ត្រីរងគ្រោះតែម្តង។
ដោយឡែក ក្រោយពេលត្រូវចាប់ខ្លួន និងនាំយកមកធ្វើត្រាប់ នៅកន្លែងកើតហេតុ ជនសង្ស័យទាំង២ បានសារភាពថា នៅយប់កើតហេតុនោះ ក្នុងពេលដែលស្ត្រីរងគ្រោះ កំពុងដេកលង់លក់ នៅក្នុងផ្ទះ ជនសង្ស័យទាំង ២នាក់ បានចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយបុរសជាកូនជាង បានសង្កត់ និងខ្ទប់មាត់ស្ត្រីរងគ្រោះ មិនអោយស្រែក។ ចំណែកប្រពន្ធមេជាង បានរឹតកពីក្រោយ រហូតដល់ស្ត្រីរងគ្រោះ ស្លា.ប់បាត់បង់ជីវិត។ក្រោយសម្លា.ប់ស្ត្រីជាម្តាយហើយ បុរសជាកូនជាង បានលើកក្មេងប្រុស អាយុ ២ខួប មកបី។ ភ្លាមនោះ ប្រពន្ធមេជាង ក៏បានឆក់យកក្មេងប្រុសនោះ រួចចាប់បោក និងជាន់ក រហូតដល់ក្មេងប្រុសនោះ ស្លា.ប់។ ទើបអ្នកទាំង២ ចេញមកក្រៅ ហើយដុតផ្ទះអោយឆេះទាំងសាកសពតែម្តង ដើម្បីបន្លំថា ជាករណីអគ្គិភ័យ។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញក៏បាននាំជនសង្ស័យយកមកធ្វើត្រាប់នៅទីតាំងកេីតហេតុ និងបញ្ជូនមកឃាត់ខ្លួនបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី