ឃុំខ្លួន​ ១​នាក់​ ៦នាក់ទៀត​ឲ្យទៅផ្ទះវិញ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញដីកាសម្រេច ឃុំខ្លួន”ភ្នាក់ងារស៊ីសងល្បែងខុសច្បាប់”ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ចំណែក៦ នាក់ទៀតត្រូវបានតំណាងអយ្យការឲ្យវិលទៅផ្ទះវិញ តែកំណត់យកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាថ្ងៃបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿង លេងល្បែងស៊ីសងដោយខុសច្បាប់នោះ ។

ដីកាបង្គាប់ឲ្យឃុំខ្លួនទៅលើឈ្មោះ ហុង សំអុន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនត្រូវចោទបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ភ្នាក់ងារស៊ីសងល្បែងខុសច្បាប់.ដែលប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ.សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមាបចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ។ 

 សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីឡូគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន៧ នាក់ ទាំងអ្នកលេង និងអ្នកមើលផ្លូវ និងមាន់៥ ក្បាល (ងាប់២ ក្បាល) ។ ក្រោយបង្ក្រាបសមត្តកិច្ចបានកសាងសំណុំ រឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។ សំណុំរឿងនេះបានស្ថិតនៅលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។ ជនសង្ស័យត្រូវបានសមត្តកិច្ចដឹកជញ្ជូនទៅមក៣ទៅ៤ថ្ងៃ ទើបតំណាងអយ្យការ ចោទប្រកាន់លើសំណុំរឿងនេះជាផ្លូវការ រួចចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ។ ទីបំផុតចៅក្រមស៊ើបសួរ បានសម្រេចចេញដីការឃុំខ្លួន”អ្នកមើលផ្លូវ ឲ្យប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ម្នាក់” ចំណែកអ្នកលេង៦ នាក់ ត្រូវបានតំណាងអយ្យការឲ្យវិលទៅផ្ទះវិញ ដោយរង់ចាំការកាត់ក្តីនៅថ្ងៃក្រោយ ៕ដោយ រ៉ារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print