ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចថតរូបនារីម្នាក់ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នាពេលនាងកំពុងងូតទឹក។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់ឲ្យដឹងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ ការចាប់ខ្លួនជន សង្ស័យនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមពាក្យបណ្ដឹងរបស់ស្ដ្រីម្នាក់។
ក្រោយទទួលពាក្យបណ្ដឹងភ្លាមកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ ទោ សៅ វុត្ថា មេបញ្ជាការក្រុង បានចុះដល់កន្លែងកើតស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង និងចាប់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ សូ វីឡា (ហៅប្រុស) អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។
ជនសង្ស័យបានធ្វើសកម្មភាពយកទូរស័ព្ទដៃលួចថតរូបតាមប្រលោះប្រហោងជញ្ជាំងជាប់ដំបូល ខណៈពេលដែលនារីម្នាក់កំពុងងូតទឹកក្នុងបន្ទប់ទឹក។ ភ្លាមនោះជនរងគ្រោះក្រឡេកមើលទៅលើស្រាប់តែឃើញទូរស័ព្ទកំពុងថតខ្លួន ក៏ស្រែកហៅឲ្យប្អូនប្រុសជីដូនមួយទៅចាប់យកទូរស័ព្ទពីជនសង្ស័យ ហើយរាយការណ៍ជូនសមត្ថកិច្ច។
តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បានថតរូបភាពជនរងគ្រោះអាក្រាតកាយពេលងូតទឹកនោះបាន២លើករួចមកហើយ។ តាមការស្រាវជ្រាវក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យប្រទះឃើញរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ ត្រូវបង្ហោះចូលក្នុងគ្រុបឆាតរបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំ រឿងបញ្ជូនទៅស្ថាប័នអយ្យការអបសាលាដំបូងខេត្តស្ទឹងត្រែងតាមនីតិវិធី៕ដោយ៖សុរិយា