ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងសុខាភិបាល គោរពជូន លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សំណើសុំទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។
ក្រសួងសុខាភិបាល សូមជម្រាបជូន លោករដ្ឋមន្ត្រី មេត្តាជ្រាបថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផល ជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោស តាមច្បាប់។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការ បង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាពត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយឡែកគ្រប់ ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការ ផ្សព្វផ្សាយជាសាធារណៈឡើយ។ ដូច្នេះ ក្រសួងសុខាភិបាល សូម លោករដ្ឋមន្ត្រី មេត្តាជួយសហការទប់ស្កាត់ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោករដ្ឋមន្ត្រី មេត្តាពិនិត្យ និងសហការជួយទប់ស្កាត់ដោយក្ដីអនុគ្រោះ ៕
ដោយ : សុខ ខេមរា