ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០២ ក្នុងចំណោមគណបក្សទាំង១៨ ដែលបាន ស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖
១- គណបក្សបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៧,៨០៨នាក់ ក្នុងនោះមានរថយន្តចំនួន ៣២៦គ្រឿង ម៉ូតូកង់បីចំនួន ១២០គ្រឿង និងម៉ូតូចំនួន ១១,៧៦៦គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ។
២- គណបក្សកសិករនឹងរៀបចំជួបជុំសមាជិក សមាជិកា នៅចំណុចផ្ទះលោក ពៅ សុភ័ក្ត ស្ថិតនៅ ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ៣០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៧:០០នាទី ក្បួននឹងហែចេញពីទីតាំងចំណុចខាងលើ ឆ្ពោះទៅផ្លូវ ចំការដូង (ផ្លូវលេខ២១៧) បត់ឆ្វេងចូលមហាវិថីចោមចៅ បន្តដំណើរដោយបត់ស្តាំចូល ផ្លូវទ្រុងមាន់ រួចបត់ស្តាំចូលផ្លូវ២០០៤ បត់ស្តាំចូលផ្លូវ២៧១ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវ៣៧១) បត់ឆ្វេងចូលផ្លូវចំការដូង (ផ្លូវលេខ២១៧) និងបន្ត ដំណើររហូតដល់ចំណុចផ្ទះលោក ពៅ សុភ័ក្ត វិញ (រំសាយ)។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើ ដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានី ភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយ ផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះ ចរាចរ។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕