ជប៉ុនប្រារព្ធខួប១ឆ្នាំ នៃឃាតកម្មអតីតនាយករដ្ឋមន្រ្តីជប៉ុន ស៉ីនហ្សូ អាបេ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍នេះ ប្រទេសជប៉ុនបានប្រារព្ធខួប១ឆ្នាំ គិតចាប់តាំងពីអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ ត្រូវបានបាញ់សម្លាប់ ក្នុងពេលថ្លែងសុន្ទរកថា អំលុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ ដោយបុរសម្នាក់ ដែលខឹងសម្បារចំពោះទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនា Unification Church។

ករណីឃាតកម្មលោក អាបេ ដែលជាអតីតនាយករដ្ឋមន្រ្តី កាន់តំណែងបានយូរជាងគេបំផុតរបស់ជប៉ុន បានអង្រួនប្រទេសអាស៉ីខាងកើតមួយនេះ ហើយបង្កឱ្យអន្តរជាតិទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។ នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន គឺលោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិងសមាជិកសភាដទៃទៀត បានចូលរួមជាមួយភរិយាលោក អាបេ គឺលោកស្រី អាគីអិ (Akie) ក្នុងពិធីគោរពវិញ្ញាណក្ខន្ធលក្ខណៈឯកជន នៅឯព្រះវិហារពុទ្ធសាសនាមួយ នាថ្ងៃសៅរ៍នេះ ក្នុងរាជធានីតូក្យូ។ ពេលពិធីបិទបញ្ចប់ទៅ សាធារណជនទូទៅ ក៏ត្រូវបានអនុញ្ញាតឱ្យចូលដាក់បាច់ផ្កា ដើម្បីសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធលោក អាបេ ផងដែរ។
អំលុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី លោក ស៉ីនហ្សូ អាបេ ត្រូវគេចងចាំ សម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់លោក ដែលមានគោលដៅព្យាយាម បញ្ចប់បញ្ហាបរិត្តផរណាជាច្រើនឆ្នាំ របស់ប្រទេសជប៉ុន និងគោលនយោបាយការពារជាតិ ដែលបានបង្កើនការចំណាយលើវិស័យយោធា និងកែសម្រួលសម្រួលនិយមន័យនៃរដ្ឋធម្មនុញ្ញាសន្តិនិយមរបស់ជប៉ុន ដើម្បីអនុញ្ញាតឱ្យកងកម្លាំងជប៉ុន អាចចេញទៅធ្វើប្រតិបត្តិការប្រយុទ្ធនៅក្រៅប្រទេសបាន ជាលើកដំបូង គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២។ លោក អាបេ គឺជានាយករដ្ឋមន្រ្តីជប៉ុន កាលពីចន្លោះឆ្នាំ២០០៦-២០០៧ និងចន្លោះឆ្នាំ២០១២-២០២០ ដែលសរុបចូលគ្នាគឺរយៈពេលជិត៩ឆ្នាំ។
ការស្លាប់របស់លោក អាបេ បានបង្កឱ្យមហាជនជប៉ុនបង្ហាញក្តីខឹងសម្បារចំពោះគណបក្សកាន់អំណាច ក្រោយទំនាក់ទំនងរវាងគណបក្សនយោបាយនេះ ហើយនិងក្រុមសាសនា Unification Church ត្រូវបានលាតត្រដាង។ បុរសជាជនសង្ស័យឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្កាមិ (Tetsuya Yamagami) អាយុ៤២ឆ្នាំ ដែលបានប្រើប្រាស់កាំភ្លើងកែច្នៃ ដើម្បីធ្វើឃាតអតីតមេដឹកនាំជប៉ុនវ័យ៦៧ឆ្នាំរូបនេះ គឺមិនទាន់បានឡើងសវនាការជំនុំជម្រះក្តីនៅឡើយទេ។ បុគ្គល យ៉ាម៉ាហ្កាមិ បានទម្លាក់កំហុសទៅលើលោក អាបេ ថា បានជួយឃោសនាឱ្យក្រុម Unification Church ដែលបានធ្វើឱ្យម្តាយរបស់ខ្លួន បរិច្ចាគថវិការហូតធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ៕

...

រូប​ថត​: conly.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print