សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា មនុស្សយ៉ាងហោច ១៥នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់និងការរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុង ដែលបានវាយប្រហារលើភាគខាងជើងនៃប្រទេស ខណៈដែលរដ្ឋធានីញូវដេលីកំពុងទទួលរងកម្រិតទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។
ផ្លូវជាច្រើននៃរដ្ឋធានីញូវដេលីបានជន់លិចរហូតដល់ជង្គង់ ជាមួយកម្រិតទឹកភ្លៀងមានដល់ទៅ ១៥៣មិលី្លម៉ែត្រ ហើយនេះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងរយៈពេល ត្រឹមតែមួយថ្ងៃ គិតក្នុងពេល៤០ឆ្នាំមកនេះ។ អាជ្ញាធរឧតុនិយមឥណ្ឌា ក៏បានព្រមានដែរថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តកើតមានមួយថ្ងៃទៀត និងតម្រូវឱ្យសាលារៀនជាច្រើនក្នុងរដ្ឋធានីញូវដេលីត្រូវបិទទ្វារនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មនុស្សយ៉ាងហោច១៥នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅក្នុងរដ្ឋចំនួន៦ ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា ហើយក្នុងនោះរដ្ឋ ហ៉ីម៉ាចាល់ ប្រាដែស (Himachal Pradesh) បានរងគ្រោះធ្ងន់ធ្ងរជាងគេដោយមានមនុស្ស ៦នាក់បានស្លាប់៕ ដោយធីរីណា
រូបថត:TTXVN-VNA