រដូវវស្សាឈានចូលមកដល់បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅគ្រប់ទីកន្លែងជុំវិញពិភពលោក។ កន្លងមកប៉ាគីស្ថាន ឥណ្ឌា ចិន…ពេលនេះអាមេរិកវិញម្តងក៏ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀងផងដែរ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់នៅតាមផ្នែកខ្លះនៃរដ្ឋ New York និងរដ្ឋ Pennsylvania កាលពីថ្ងៃ៩ខែកក្កដា ហើយក្រុមអ្នកជួយសង្រ្គោះបានសង្រ្គោះមនុស្សដែលជាប់នៅក្នុងរថយន្ដមួយចំនួននៅតាមបណ្ដោយផ្លូវដែលបានជន់លិច ខណៈដែលអាកាសធាតុអាក្រក់នឹងបន្តកើតមានក្នុងតំបន់ភាគឦសានសហរដ្ឋអាមេរិក។
លោក Mike Lawler ជាសមា
ជិកសភាតំណាងរាស្ត្រមកពីតំបន់ Hudson Valley នៃរដ្ឋ New York ស្ថិតនៅភាគខាងជើងទីក្រុង New York បានបង្ហោះវីដេអូនិងរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញ Twitter ដោយបង្ហាញពីទឹកជំនន់ក្នុងទីក្រុង Stony Point ដែលជាទីក្រុងតូចមួយស្ថិតនៅតាមបណ្ដោយទន្លេ Hudson River ចម្ងាយប្រហែល៦៤គីឡូម៉ែត្រពីសង្កាត់ Manhattan។
លោក Mike Lawler បានគូសបញ្ជាក់ដូច្នេះថា «ទឹកជំនន់យ៉ាងខ្លាំងក្នុងទីក្រុង Stony Point លិចទាំងផ្ទះនិងរថយន្ដ ហើយមនុស្សជាច្រើនត្រូវបានជម្លៀស»។
គ្រោះទឹកជំនន់ដូចគ្នានេះក៏បានកើតឡើងក្នុងរដ្ឋ Pennsylvania ផងដែរ។ ស្ថានីយទូរទស្សន៍ Weather Channel បានបង្ហោះវីដេអូបង្ហាញពីទឹកជន់លិចក្នុងទីក្រុង Quakertown ស្ថិតនៅចម្ងាយ ២៤គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Allentown ជាទីដែលមនុស្សម្នាក់ជាប់ក្នុងរថយន្ដត្រូវបានសង្រ្គោះ៕ ដោយធីរីណា
រូបថត: TTXVN