ភ្នំពេញ៖ របាយការណ៍ស្ថានភាពនៃវិស័យអាកាសចរណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ បានទទួលអ្នកដំណើរចំនួន ២,៤៨ លាននាក់ កើនឡើង ២៧០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា អាកាសយានដ្នានអន្តរជាតិទាំង៣របស់កម្ពុជា ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០២៣ ទទួលបាន ចំនួនជើងហោះហើរ ជាង២,៤ ម៉ឺន ជើង មានការកើនឡើងជិត ១៥០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ រីឯចំនួនទំនិញឆ្លងកាត់ មានចំនួនជាង ២,៤ម៉ឺនតោន មានការថយចុះប្រមាណជាង១៧% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ដោយឡែក ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន ៨០៨ជើង/សប្តាហ៍ នៃជើងហោះហើរទ្វេទិស។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរទ្វេទិសចំនួន ៦០២ជើង/សប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរចំនួន ១៩២ជើង/សប្តាហ៍។ ចំណែក អាកាសយានដ្ឋានអន្តរជាតិព្រះស៊ីហនុទទួលបានជើងហោះហើរចំនួន ១៤ជើង/សប្តាហ៍។
ចំពោះអាកាសយានដ្ឋានអន្តរជាតិទាំង៣នេះដែរ ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន Cambodia Airports ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Vinci Airports របស់ប្រទេសបារាំង និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ី។
សូមជម្រាបជូនថា កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួន ២,៥៧ លាននាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ កើនឡើង ៤០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបេីយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍៕ដោយ៖សហការី