ដោយយោងទៅតាមអ្នកជំនាញផ្នែកអចលនទ្រព្យបានឲ្យដឹងថា ទីភ្នាក់ងារអចលនទ្រព្យដែលគ្រប់គ្រងដោយ
បរទេសខុសច្បាប់កំពុងតែដណ្តើមការងារពីក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ។
លោក Sai Khun Naung ប្រធានសមាគមអចលនទ្រព្យក្នុងតំបន់នៃទីក្រុង Yangon បានប្រាប់អ្នកកាសែត The Myanmar Times ថា សមាគមនេះនឹងប្រមូលផ្តុំព័ត៌មានស្តីពីសកម្មភាពរបស់ក្រុមហ៊ុនទាំងនោះ ហើយនឹងប្តឹងទៅអាជ្ញាធរតំបន់។
លោកបានបន្ថែមទៀតថា ច្បាប់មិនអនុញ្ញាតឲ្យពួកគេមកទីនេះដោយវិនិយោគខុសច្បាប់នោះទេ។ ប្រសិនបើពួកគេមកវិនិយោគលើវិស័យសេវាកម្មនោះ ពួកគេចាំបាច់ត្រូវតែបង្កើតកិច្ចព្រមព្រៀងជាមួយនឹងការអនុញ្ញាតពីគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនដែលកំពុងតែប្រតិបត្តិការនៅទីនេះ មិនទទួលបានការអនុញ្ញាតពីគណៈកម្មវិនិយោគទេ។ កត្តានេះបានធ្វើឱ្យក្រុមហ៊ុនស្របច្បាប់ទទួលរងផលប៉ះពាល់យ៉ាងខ្លំាង។ ដូច្នេះ យើងប្រមូលទិន្នន័យស្តីពីសកម្មភាពរបស់ក្រុមហ៊ុនទាំងនោះ ហើយនឹងប្តឹងពួកគេ។
លោកបានបន្ថែមទៀតថា ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកកំពុងតែប្រឈមមុខនឹងការខាតបង់ ខណៈដែលក្រុមហ៊ុនអចលនទ្រព្យបរទេសខុសច្បាប់ជាច្រើនកំពុងតែកើនឡើង។
លោកបានបញ្ជាក់ទៀតថា ប្រហែលជា ២ខែមុន យើងបានចាប់ផ្តើមធ្វើការប្រមូលបញ្ជីឈ្មោះក្រុមហ៊ុនបែបនេះនៅក្នុងទីក្រុង Yangon ហើយចំនួនក្រុមហ៊ុនទាំងនោះប្រហែលជាឈានដល់រាប់រយក្រុមហ៊ុនថែមទៀតផង។
ជនបរទេសដែលធ្វើពាណិជ្ជកម្មនៅក្នុងទីភ្នាក់ងារពិគ្រោះយោបល់ផ្នែកអចលនទ្រព្យបានយកលេសថា ពួកគេគឺជាអតិថិជនពិតប្រាកដ ប៉ុន្តែជាការពិត ពួកគេជួយក្រុមហ៊ុនបរទេសផ្សេងក្នុងការស្វែងរកផលប្រយោជន៍ពីការជួលទៅវិញ។
លោកបានបន្ថែមទៀតថា ខណៈពួកគេកំពុងតែផ្តល់សេវាទៅកាន់ប្រជាជនពួកគេដោយគ្មានការអនុញ្ញាតនោះ ពួកគេកំពុងតែលួចសិទ្ធិរបស់ពួកយើង។ រដ្ឋាភិបាលបានដាក់កំហិតស្តីពីការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនេះ។
លោក U Than Oo អនុប្រធានសមាគមអចលនទ្រព្យមីយ៉ាន់ម៉ាបានមានប្រសាសន៍ថា គណៈកម្មការនឹងប្តឹង ប្រសិនបើយើងបានជួបនឹងសកម្មភាពមិនផ្លូវការរបស់ពួកគេ ហើយយើងកំពុងតែបង្កើតគម្រោងដើម្បីដោះស្រាយចំពោះបញ្ហាទាំងនោះផងដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ទីភ្នាក់ងារបម្រើការក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ាជាផ្លូវការមានតែ ៣៥ប៉ុណ្ណោះ៕
ដោយ៖ រ័ត្ន