ខេត្ដសៀមរាប៖ លោក យិន ថាវ ដែលគេសា្គល់ថាជាឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែម្នាក់ បានចាប់ផ្ដើមរកស៊ីដឹកជញ្ជូនឈើកក្រើកទៀតហើយ ខណៈដែលខ្លួនជាមន្ដ្រីប៉ូលិសការពារបទល្មើសផ្សេងជូនជាតិមាតុភូមិ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក យិន ថា ជាមន្ដ្រីប៉ូលិសខេត្ដសៀមរាប បានឃុបឃិតជាមួយអតីតឈ្មួញឈើម្នាក់ទៀតឈ្មោះ ក្រាញ់ ពួកគេបានដើរប្រមូលទិញឈើខុសច្បាប់ពី ឃុំខ្វាវ ស្រុកជីក្រែង ដឹកជញ្ជូនចូលក្រុងសៀមរាបស្ទើររាល់ថ្ងៃ ខណៈអាងខ្លួនជាមន្ដ្រីប៉ូលិសមួយរូប។ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា លោក យិន ថា បានឃុបឃិតគ្នា ជាមួយមន្ដ្រីរដ្ឋបាលព្រៃតាមដងផ្លូវរួមាន នៅជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគងជាដើម។ ការយកខ្លួនជាមន្ដ្រីប៉ូលិសរកស៊ីបទល្មើសព្រៃឈើ របស់លោក យិន ថាវ នេះធ្វើឲ្យសាធារណៈជនមួយចំនួនរិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ដោយពួកគេប្រាប់ថាមុខងារស៊ីប្រាក់ខែមន្ដ្រីរាស្ដ្រ បែរទៅជាបំផ្លាញធនធានធម្មជាតិទៅវិញ ។ ប្រជាពលរដ្ឋស្នើឲ្យសមត្ថកិច្ចពាក់ពន្ធ និងរាជរដ្ឋាភិបាល ចាត់វិធានការដាក់ទោសតាមផ្លូវច្បាប់ទៅលើមន្ដ្រីប៉ូលិសឈ្មោះ យិន ថា នេះ ដើម្បីព្រមានដល់មន្ដ្រីប្រដាប់អាវុធដដៃទៀត យកគំរូតាម។ លោកយិន ថា កន្លងមកជាឈ្មួញឈើម្នាក់មានឥទ្ធិពលខ្លាំងនៅខេត្ដសៀមរាប ដែលកាលណោះមានមនុស្សម្នាក់ឈ្មោះ ទូច ចាន់ថុន ហៅវ៉ា ជាអ្នករត់ការនៅតាមដងផ្លូវ ប៉ុន្ដែត្រូវបានបាត់ខ្លួនមួយរយៈ ពីការរកស៊ីបទល្មើសនេះ បន្ទាប់ពីឈ្មោះទូច ចាន់ថុន ហៅវ៉ា ឡើងកូដទៅបើកដេប៉ូលក់ឈើខ្លួនឯង។
សូមរំលឹកថា បទល្មើសដឹកជញ្ជូនឈើខុសច្បាប់កំពុងកើតមានជារៀងរាល់ថ្ងៃ ដែលពួកគេធ្វើសកម្មភាពតាមរថយន្ដយីឌុប ជាពិសេសរថយន្ដសាំយ៉ុង ពួកគេបើកឆ្លងកាត់ខេត្តសៀមរាប និងដាក់ដេប៉ូក្នុងខេត្ដជាដើម ។ ការធ្វើសកម្មភាពទាំងនោះក្រោមរូបភាព មានច្បាប់ពីក្រុមហ៊ុននិងយកតួនាទីជាមន្ដ្រីសមត្ថកិច្ច ដោយដឹកចេញពីខេត្ដព្រះវិហារ និងខេត្ដឧត្ដរមានជ័យជាដើម៕
ដោយ៖ ជានិរន្ដរ៍