ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនដ្រាមួយគ្រឿងនិងមានបុរសម្នាក់រួមដំណើរជាមួយ បានបុកជាមួយម៉ូតូស្គូពីនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យមានយុវជនម្នាក់និងក្មេងប្រុសពីរនាក់ទៀតរងរបួស ចំណែកក្មេងប្រុសម្នាក់ត្រូវបានឪពុកដឹកតាមម៉ូតូយកទៅសង្គ្រោះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៦៥ កែងនឹងផ្លូវលេខ១៣៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តធុនដ្រាមួយគ្រឿងពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2AY-0542 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៨ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយម៉ូតូស្គូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HX-5416ជិះដោយយុវជនម្នាក់រួមដំណើរជាមួយក្មេងប្រុសពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦៥ពីជើងទៅត្បូងចំពីចំហៀងពេញទំហឹងអូសជិត២ម៉ែត្រ បណ្ដាលឱ្យរបួសទាំងបីនាក់។ក្នុងនោះក្មេងប្រុសម្នាក់ត្រូវបានឪពុកដឹកតាមម៉ូតូយកទៅព្យាបាលនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងបាញ់ថ្នាំយករថយន្តនិងម៉ូតូទៅដាក់អែបកៀនផ្លូវដើម្បីឱ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នាបន្តទៀត៕ដោយ ៖ ភារ៉ា ដង្កោ