រាជធានីភ្នំពេញ៖ សមត្ថកិច្ចផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិស្រះចកបានចុះបង្ក្រាបករណីគ្រឿងញៀនមួយនៅក្រោយស្ថានទូតបារាំង ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន២នាក់ ដកហូតថ្នាំញៀននិងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៥ល្ងាចថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្រោយស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ ទើបសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍បើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចខាងក្រោយស្ថានទូតបារាំង ។
វត្ថុតាងដកហូតរួមមាន៖ ថ្នាំញៀន១៤កញ្ចប់តូច សម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់និងវត្ថុតាងរួចមក ពេលនេះជនសង្ស័យទាំងពីរនាក់កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានី ចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ