ខ្សែការពារ Harry Toffolo របស់ក្លិប Nottingham Forest ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់អង់គ្លេសពីបទបំពានច្បាប់ភ្នាល់របស់ខ្លួន។ ការចោទប្រកាន់នេះគឺកីឡាកររូបនេះបានបំពានច្បាប់របស់ FA ដែលហាមឃាត់អ្នកលេងពីការភ្នាល់ ឬបញ្ជូនព័ត៌មានដែលអាចប្រើសម្រាប់ការភ្នាល់៣៧៥ដងនៅចន្លោះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
Harry Toffolo ត្រូវ បាន ចុះ ហត្ថលេខា ជាមួយ Norwich City នៅ ពេល នោះ ហើយ បាន លេង ក្នុង លក្ខខណ្ឌ ខ្ចី ជើងសម្រាប់ក្លិប Swindon, Rotherham, Peterborough និង Scunthorpe។ Toffolo មានរយៈពេលរហូតដល់ថ្ងៃទី១៩ ខែកក្កដាដើម្បីឆ្លើយតបបបណ្តឹងនេះ។
ការចោទប្រកាន់នេះកើតឡើងបន្ទាប់ពី Brentford និងខ្សែប្រយុទ្ធអង់គ្លេស Ivan Toney ត្រូវបានហាមឃាត់រយៈពេល៨ខែក្នុងខែឧសភា បន្ទាប់ពីបានសារភាពថា បានបំពានច្បាប់ភ្នាល់របស់ FA ចំនួន២៣២។ Toney វ័យ២៧ឆ្នាំត្រូវបានចោទប្រកាន់ដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ហើយបានខកខានក្នុងការចូលលេងក្នុងក្រុមកីឡាករ២៦នាក់របស់លោក Gareth Southgate សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
ទោះជាយ៉ាងណាក៏ដោយ ការហាមប្រាមរបស់ Toney ត្រូវបានកាត់បន្ថយពី១១ខែមកត្រឹម៨ខែ ដោយសារតែការញៀនល្បែងដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ ហើយគាត់នឹងមិនត្រូវបានអនុញ្ញាតឱ្យលេងម្តងទៀតរហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ក្លិប Nottingham Forest បានចុះហត្ថលេខាលើ Toffolo វ័យ២៧ឆ្នាំពី Huddersfield Town កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀងដែលរួមបញ្ចូលខ្សែបម្រើក្រុម Terriers Lewis O’Brien ក្នុងតម្លៃប្រហែល១០លានផោន។
Toffolo បានបង្ហាញខ្លួន១៩ប្រកួតនៅ Premier League សម្រាប់ក្រុមដែលទើបនឹងឡើងតំណែងថ្មីក្នុងរដូវកាល២០២២–២០២៣។ Nottingham Forest ចាប់ផ្តើមយុទ្ធនាការថ្មីទល់នឹង Arsenal នៅកីឡដ្ឋាន Emirates នៅថ្ងៃទី១២ខែសីហាខាងមុខនេះ ៕ (រូបភាព ៖ BBC Sport)