ខេត្តស្ទឹងត្រែង÷ ក្រុមមន្ត្រីអភិរក្សត្រីមេពូជទន្លេមេគង្គលើ ចុះល្បាតចាប់ពីដើមខែកក្កដាមកដល់ថ្ងៃទី១៤ ខែ កក្កដា នេះ បានឃាត់ខ្លួនប្រជាអ្នកនេសាទចំនួន១៤ នាក់ប្រើឧបករណ៍មងខុសច្បាប់ នាំមកអប់រំនិងបានដកហូតមងចំនួន១.៨០០ម៉ែត្រ ដែលបានលួចលាក់ធ្វើនេសាទក្នុងអន្លុងអភិរក្សជាតំបន់ហាមឃាត់នៅតាមតំបន់រ៉ាមសារ។
លោក ជួប ផល្លា ប្រធានក្រុមអភិរក្សត្រីមេពូជប្រចាំតំបន់រ៉ាមសារ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការចុះល្បាតនៅតាមតំបន់រ៉ាមសារ និងនៅតាមចំណុច របៀងអភិរក្សធនធាន ជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិទន្លេមេគង្គលើចាប់ ពីដើមខែកក្កដាមកដល់ថ្ងៃទី ១៤កក្កដា ឆ្នាំ ២០២៣ នេះ នៅតាមចំណុច គោលដៅ ចំនួន៥ មានក្បាលកោះស្នែង,កោះស្រឡៅ,កោះហាន,កោះកីនិងកោះទន្លេ -កម្លាំងសហការល្បាតបានធ្វើសកម្មភាពបង្ក្រាបបទ ល្មើសនេសាទជាប្រចាំទាំងថ្ងៃទាំងយប់ ដោយមានការផ្លាស់ប្តូរវេនគ្នា។
លោកបន្តថា ក្នុងសកម្មភាពចុះល្បាតនេះ សប្តាហ៍មុនកម្លាំងអភិរក្សបានជូបអ្នកនេសាទ១១នាក់និងនៅសប្តាហ៍នេះចំនួន៣នាក់ បានលួចធ្វើនេសាទនៅកន្លែងផ្សេងៗពីគ្នា ហើយមន្ត្រីក្រុមអភិរក្សបានធ្វើការអប់រំណែនាំ និងឲ្យស្រាវសារមងទៅផ្ទះវិញ។ ចំណែកមងខុសច្បាប់ត្រូវដកហូត ហើយបើមានលើកក្រោយទៀតនិងផាកពិន័យបន្ថែមតាមច្បាប់ជលផល។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា នៅក្នុងខែមិថុនាកន្លងទៅក្រុមល្បាតបានចុះឃាត់ខ្លួនធ្វើការអប់រំអ្នកនេសាទជាច្រើននិងធ្វើការដករហូតឧបករណ៍ខុសច្បាប់ជាច្រើនផងដែរ។ហើយនៅខែកក្កដានេះ ក្រុមល្បាតបានចុះឃាត់ខ្លួនអ្នកនេសាទចំនួន ១៤នាក់បន្ថែមទៀតធ្វើការអប់រំ។
លោកនាយខណ្ឌបន្តថា នេះជាគោលការណ៍ដែលយើងចង់បាន ព្រោះសកម្មភាពដែលកំពុងអនុវត្តរាល់ថ្ងៃនេះ យើងចង់ឲ្យប្រជាអ្នកនេសាទយល់ដឹងហើយនាំគ្នាគោរពច្បាប់ជលផល។ កត្តានេះយើង បង្ក្រាបផង អប់រំផង និងបានផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបន់ការពារធនធានជីវចំរុះនៅរដូវបិទនេសាទផង ដោយសាតែនៅខេត្តស្ទឹងត្រែងរដូវបិទនេសាទបានចាប់អនុវត្តពីខែឧសភាទៅដល់ខែកញ្ញា ជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា តំបន់រ៉ាមសារ តាមដងន្លេមេគង្គលើ ចាប់ចេញពីចំណុចភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ទៅ ដល់ភូមិកោះព្នៅក្នុងឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ មានប្រវែងជិត៤០គីឡូម៉ែត្រតាមផ្លូវទឹក ដែលមានពពួកត្រីមេពូជរស់នៅជាង៥០០ប្រភេទ និងសត្វស្លាបចម្រុះ៩៧ប្រភេទ កំពុងអភិរក្ស៕ដោយ៖សុរិយា