កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣) ដែលពិធីនេះធ្វើឡើងនៅក្នុងទីតាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយ មានការចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ, មន្ដ្រីជាន់ខ្ពស់ក្រសួង ការពារជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី -ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

គួរបញ្ជាក់ជូនថា កងរាជអាវុធហត្ថ ជាភាសាបារាំងគឺ Gendarme ឬ Gendarmerie (The word gendarme comes from the Old French gens d’armes, meaning men-at-arms) មានន័យថា បុរសប្រដាប់ដោយអាវុធ។

កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយមតាមព្រះរាជក្រឹត្យលេខ ៤៤៦SN និង ៤៤៧SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយ មាន ឈ្មោះថា កងរាជអាវុធហត្ថខ្មែរ  «GENDARMERIE ROYALE KHMERE» អក្សរកាត់ «GRK»។ ដោយសារការវិវត្តនៃរបបនយោបាយកងរាជអាវុធហត្ថខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា កងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១ ក្នុងរបបសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧១។

កងអាវុធហត្ថជាតិ ត្រូវបានលុបបំបាត់ចោល ដូចស្ថាប័នផ្សេងៗដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធា ដែលធ្វើកិច្ចការខាងត្រួតត្រា បទបញ្ជា និងពិនិត្យវិន័យសណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។

នៅក្នុងគ្រាអនុវត្តនយោបាយបង្រួបបង្រួមជាតិ នាំដល់ការបង្រួបបង្រួមកងទ័ព នៃបណ្តាភាគីជម្លោះឲ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះហើយត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ព័ន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន ក៏មានកងអាវុធហត្ថផងដែរ ហេតុដូចនេះហើយ បានជារាជរដ្ឋាភិបាលចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធ ហត្ថ។ នៅពេលនោះ តួនាទីភារកិច្ចរបស់កងអាវុធហត្ថត្រឹមតែតម្រួតយោធាប៉ុណ្ណោះ គឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព និងបទល្មើសយោធា។

យោងតាមសំណូមពរភារកិច្ចក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹង ការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ច និងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រា បានពង្រីកវិសាលភាពតួនាទី ភារកិច្ច កងរាជអាវុធហត្ថបន្ថែម។ អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើងវិញ ដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ពន្ធទូទៅ នៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។

បេសកកម្មរបស់កងរាជអាវុធហត្ថ មានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ៖

*១៖ រ៉ាប់រងសកម្ម ភាពខាងប៉ូលិសរដ្ឋបាល៖ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ សង្គម និងជួយ សង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ កងរាជអាវុធហត្ថរ៉ាប់រងឲ្យមានការគោរពច្បាប់ និងបទបញ្ជាទាំងឡាយ។

*២៖ រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ៖ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌នៅពេលដែលទទួលបាននីតិសម្បទា តាមក្រមនីតិវិធីព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ ពិនិត្យបទល្មើសព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាចឃាត់ខ្លួនបុគ្គលដែល ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ជាធរមាន។

*៣៖ បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា៖ ទទួលបន្ទុករក្សាសុវត្ថិភាព បំពេញតួនាទីជាកងកិត្តិយស ការពារទីតាំងយោធា និងកិច្ចការប៉ូលិសយោធានៅក្នុង និងក្រៅទីតាំងកងទ័ព។

*៤៖ ផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់។

កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ច ជាពិសេសក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។

...

នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអ្នកដឹកនាំមួយរូបដែលមានទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួមពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print