ខេត្តស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ ផ្លូវក្រាលបេតុង ឈាប្បនដ្ឋាន និងពិធីបញ្ចុះបឋមសិលាកសាងសាលាបាលី វត្ដពោធិ៍បន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ។
លោកស្រីក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខ សន្តិភាព និងសេរីភាពពេញលេញ ដែលបានធ្វើឲ្យមានការរីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ ។ ដោយឡែកកនៅក្នុងខេត្តស្វាយរៀងបានដាក់សម្ពោធឲ្យប្រើប្រាស់សមិទ្ធិផលថ្មីៗនៅក្នុងវត្តពោធិ៍បន្ទាយ ដែលមានអាយុកាល ២១៦ឆ្នាំនាពេលនេះ បានចំណាយអស់ថវិកាអស់ ២៥.៥១៧.៧០០រៀល និង ២៥៤.៣៧៦ដុល្លារ គឺជាសមិទ្ធិផលដែលកើតចេញពីទឹកចិត្ត និងសុទ្ធាជ្រះថ្លារបស់ ឯកឧត្ដមឧត្ដមសេនីយ៍ ចៅ ភិរុណ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រមទាំងសម្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស បានខិតខំកសាងសមិទ្ធិផលថ្មីៗនៅក្នុងវត្ត ដើម្បីជាគុណប្រយោជន៍ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ៕
ដោយ៖ សហការី