អាជ្ញាធរបន្តចុះយុទ្ធនាការក្តៅជាថ្មីដើម្បីចាប់ប្រមូលជនអនាថា ជនវិបល្លាសសតិមិនគ្រប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង ក្រោមការដឹកនាំរបស់លោក លាង វាសនា ដែលជាអភិបាលក្រុង បានបន្តចុះយុទ្ធនាការក្តៅជាថ្មីដើម្បីចាប់ប្រមូលយកជនអនាថា វិបល្លាស សតិមិនគ្រប់ដើម្បីយកទៅមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទានៅមណ្ឌលសំចតមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអោយដឹងថា នៅក្នុងយុទ្ធនាការប្រមូលយកបងប្អូនអនាថានាថ្ងៃនេះ គឺអនុវត្តធ្វើឡើងតាមការណែនាំបទបញ្ជាផ្ទាល់របស់លោកសុខ លូ អភិបាលខេត្ត ដែលកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សោភណភាពក្រុងធ្វើអោយទីក្រុងស្អាត ពិសេសលុបបំបាត់មិនអោយមានជនអនាថា វិបល្លាស សតិមិនគ្រប់នៅតាមទីសាធារណៈនេះទេ។

ជាមួយយុទ្ធនាការនាថ្ងៃនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដែលមានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោក សំ វិឡុង ជាមេបញ្ជាការ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានដឹកនាំកម្លាំងចុះចាប់ប្រមូលបានជនអនាថា វិបល្លាស សតិមិនគ្រប់សរុបចំនួន ២៤នាក់ ដែលពួកគេភាគច្រើនដេកតាមសួនច្បារសាធារណៈ វត្តអារាម ដែលបង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ចំពោះ ជនអនាថា វិបល្លាស សតិមិនគ្រប់សរុបចំនួន២៤នាក់ដែលបានឃាត់ខ្លួននៅថ្ងៃ នេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលសំចតមន្ទីរសង្គមកិច្ចស្រុកសង្កែ នៃខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តទៀត៕

ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print