កាត់ទោសមន្ត្រីធនាគារហត្ថាដែលលួចដកប្រាក់អតិថិជនជាង៦០មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ អតីតមន្ត្រីធនាគារហត្ថា ម.ក ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោសកាលពីព្រឹកថ្ងៃទី ១៨ ខែកក្ដដា ឆ្នាំ២០២៣ ពាក់ព័ន្ធអំពើល្មើសលួចចូលទៅក្មុងប្រព័ន្ធទិន្នន័យអាក់ខោនធនាគាររបស់អតិថិជនលួចដកប្រាក់អស់ជាង៦០មុឺនដុល្លារ ។

ជនជាប់ចោទដែលតុលាការកាត់ទោសនេះឈ្មោះ ស្រ៊ន់ សាវុធ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួន ផ្ទះសង់ថ្មី ផ្លូវBT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានមុខរបរជា ប្រធានផ្នែកត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការធនាគារហត្ថា ម.ក សាខាភ្នំពេញ ។

លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះបានលើកឡើងថា លោក ស្រ៊ន់ សាវុធ ត្រូវបានចោទប្រកាន់ពីបទ « រំលោភលើទំនុកចិត្តពិសេស និងបទលួចចូលទៅក្នុងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្ថិ ទិន្នន័យនិងសម្អាតប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

ប្រឈមមុខការចោទប្រកាន់របស់តុលាការបែបនេះ ជនជាប់ចោទបានសារភាពថា ខ្លួនបានចូលបម្រើការនៅធនាគារហត្ថា ម.ក តាំងពីឆ្នាំ២០១១នៅការិយាល័យកណ្ដាល ដោយមានតួនាទីជាប្រធានផ្នែកត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការទូទៅរបស់អតិថិន ។ ក្រោយមកដោយសារខ្លួនញៀនលេងល្បែងសុីសងតាមអនឡាញអស់ប្រាក់របស់ខ្លួនផ្ទាល់ក៏បែកគំនិតលួចចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់អតិថិជនមួយចំនួនលួចដកប្រាក់និងបង្វែរប្រាក់ចេញពីអាក់ខោនអតិថិជនអោយចូលមកក្នុងអាខោន ABA របស់ខ្លួនអស់ប្រាក់ប្រមាណជា ៦៥៥ ៤៧៥ ដុល្លារ ដោយមិនអោយថ្នាក់ដឹកនាំធនាគារដឹងឡើយ រហូតដល់ថ្ងៃទី ១៩ខែកញ្ញា ឆ្នាំ២០២២ ទើបថ្នាក់ដឹកនាំដឹងក៏ប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនតែម្ដង ។

ក្នុងរឿងក្ដីនេះដោយសារជនជាប់ចោទបានសារភាពយ៉ាងក្បោះក្បាយពីទង្វើរបស់ខ្លួនដូច្នេះ តំណាងអយ្យការបានសម្រេចតម្កល់ទុកបទចោទប្រកាន់អោយនៅដដែល ហើយសំណូមពរអោយចៅក្រមតុលាការផ្ដន្ទាទោសតាមច្បាប់ ។

ចៅក្រមជំនុំជម្រះបានកំណត់យកថ្ងៃទី០២/០៨/២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print