ភ្នំពេញ : ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីម្ភៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើ ហិង្សា ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន
ស្ថានភាពទូទៅថ្ងៃទីម្ភៃ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ : នៅថ្ងៃទីម្ភៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្ស នយោបាយ ចំនួន ៩ បានហែក្បួនឃោសនារកសំឡេងឆ្នោត។
ទី១: គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តរតនគិរី។
ទី២: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងមណ្ឌលខេត្តរតនគិរី។
ទី៣: គណបក្សស្ត្រីដើម្បីស្ត្រី ហែក្បួនឃោសនានៅ មណ្ឌលខេត្តសៀមរាប។
ទី៤: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅ មណ្ឌលខេត្តកណ្តាល។
ទី៥: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រៃវែង។
ទី៦: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ ពោធិ៍សាត់ សៀមរាប និងមណ្ឌលខេត្តបាត់ដំបង។
ទី៧: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួន ឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។
ទី៨: គណបក្សកម្លាំងប្រជាធិបតេយ្យ ហែក្បួនឃោសនា នៅមណ្ឌលខេត្តសៀមរាប និងទី៩: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្ត ព្រៃវែង។
ចំណែកគណបក្សនយោបាយ ចំនួន ៦ទៀត រួមមាន គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សយុវជនកម្ពុជា គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរអភិរក្ស បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីម្ភៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើ ហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ : សិលា