ភ្នំពេញ៖ នារសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៦ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ថងលួន ស៊ីសូលីដ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសវនាការនិងសម្តែងការគួរសម នៅវិមានរដ្ឋសភា។
កម្ពុជា-ឡាវ ជាអ្នកជិតខាង និងជាបងប្អូនផង រូបខ្ញុំ ផ្ទាល់ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស មានសេចក្តីសោមនស្សរីករាយបំផុត ដោយបានឃើញ ប្រទេសឡាវ មានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ប្រជាជនឡាវ ជាបងប្អូន កាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។ ខ្ញុំមានជំនឿមុតមាំថា ប្រជាជនឡាវ នឹងបន្តទទួល បានជោគជ័យថ្មីៗថែមទៀត ដើម្បីឆ្ពោះទៅរកវឌ្ឍន-ភាពរុងរឿង នាពេលខាងមុខ។
ទស្សនៈកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី នាពេលនេះ បានឆ្លុះបញ្ចាំងពីការបន្តពូនជ្រុំ រឹតបន្តឹងទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីយ៍ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឲ្យកាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត និងសូមអបអរសាទរចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់អាណត្តិថ្មីនេះ។
ខ្ញុំសូមជម្រុញ និងគាំទ្រឲ្យរដ្ឋាភិបាល នៃប្រទេសទំាងពីរ បន្តពិភាក្សាដោះស្រាយបញ្ហាដែល នៅសេសសល់ ដើម្បីឲ្យដំណើរការបោះបង្គោលព្រំដែន បញ្ចប់ឲ្យបានឆាប់ សំដៅប្រែក្លាយព្រំដែន នៃ ប្រទេសយើងទំាងពីរ ជាព្រំដែន មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា នៅតែបន្តគាំទ្រចំពោះអនុសារណៈ នៃកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរកម្ពុជា-ឡាវ បានធ្វើរួមគ្នាកន្លងមក និងសូមជម្រុញបន្តពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍បន្ថែមទៀត ៕
ដោយ៖ សហការី