ភ្នំពេញ : នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញ សេចក្តីប្រកាសព័ត៌មាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន៖ អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២ រូប ស្ត្រីចំនួន ៥២.៦៥២ រូប មកពី ១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍អន្តរជាតិ មាន ចំនួនសរុប ៥៨៦ រូប ស្ត្រី ១៦៣ រូប មកពី ៥២ ស្ថាប័ន។
ភ្ញៀវពិសេស មានចំនួនសរុប ១៨ រូប ស្រ្តីចំនួន ៧ រូប មកពី ១០ សា្ថប័ន។ (តារាងលម្អិត៖ www.nec.gov.kh/khmer/content/7207)
អ្នកសារព័ត៌មានជាតិ មានចំនួនសរុប ១.២៨៩ នាក់ ស្ត្រីចំនួន ១៨៥ នាក់ មកពី ១២៧. អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ មានចំនួនសរុប ១៣៧ នាក់ ស្ត្រីចំនួន ៣០ នាក់ មកពី ៣៨ អង្គភាព។
(តារាងលម្អិត៖ www.nac.gov.kh/khmer/content/7206)
អ្នកសង្កេតការណ៍បោះឆ្នោត មិនត្រូវផ្តល់ការណែនាំ ការស្តីបន្ទោសដល់មន្ត្រីបោះឆ្នោត និង មិនត្រូវរំខាន ឬជ្រៀតជ្រែកដល់ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ឬបំពានទៅលើបទប្បញ្ញត្តិ ទាំងឡាយនៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី រួមនឹងសេចក្ដីណែនាំរបស់ គ ជ បឡើយ។ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌ ក្នុងពេល បំពេញ ភារកិច្ចរៀងៗខ្លួន៕
ដោយ : សិលា