អ្នកការទូតកំពូលរបស់អាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការប្រសិនបើចិនមិនធ្វើអន្តរាគមន៍ដើម្បីជួយបញ្ចុះបញ្ចូលកូរ៉េខាងជើងនោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើអត្ថាធិប្បាយខាងលើកាលពីថ្ងៃទី ២១ ខែកក្កដា ខណៈពេលចូលរួមវេទិកាសន្តិសុខ Aspen ដែលធ្វើឡើងនៅរដ្ឋ Colorado សហរដ្ឋអាមេរិក។
វេទិកាសន្តិសុខ Aspen គឺជាសន្និសីទគោលនយោបាយការបរទេសប្រចាំឆ្នាំដែលរៀបចំដោយវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រ Aspen ។ លោក Blinken បាននិយាយថា លោកបានពិភាក្សាជាមួយសមភាគីចិន ដោយចែករំលែកពីបំណងរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ជំនួយរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដំណើរការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ បើចិនមិនធ្វើអន្តរាគមន៍ទេ អាមេរិកនឹងពង្រឹងសម្ព័ន្ធភាពយោធាជាមួយជប៉ុននិងកូរ៉េខាងត្បូង។
លោក Blinken បាននិយាយថា “យើងជឿថា ប្រទេសចិនមានឥទិ្ធពលដ៏កម្រជាមួយកូរ៉េខាងជើង ហើយយើងសង្ឃឹមថាទីក្រុងប៉េកាំងនឹងប្រើប្រាស់ឥទ្ធិពលនេះដើម្បីជួយកូរ៉េខាងជើងឱ្យធ្វើកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង” ។
ប៉ុន្តែប្រសិនបើចិនមិនអាចឬធ្វើមិនបាន យើងនឹងត្រូវតែបន្តចាត់វិធានការនេះ ទោះបីមិនមែនសំដៅលើចិនដោយផ្ទាល់ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំងប្រហែលជាមិនចូលចិត្តទេ ព្រោះវិធានការទាំងនេះមានគោលបំណងពង្រឹងនិងពង្រីកមិនត្រឹមតែសមត្ថភាពការពារជាតិរបស់យើងប៉ុណ្ណោះទេ ថែមទាំងកូរ៉េខាងត្បូងនិងជប៉ុន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបីផងដែរ។
នាពេលកន្លងមក ទីក្រុងប៉េកាំងបានរិះគន់សម្ព័ន្ធភាពយោធារបស់ចិននៅអាស៊ីបូព៌ាម្តងហើយម្តងទៀត ដោយមើលឃើញថា វាជាការប៉ុនប៉ងដើម្បីត្រួតពិនិត្យ ឬទប់ស្កាត់យោធាចិន។
នៅក្នុងសុន្ទរកថារបស់លោកនៅឯវេទិកា Aspen លោក Blinken បានចង្អុលបង្ហាញថា ប្រទេសកូរ៉េខាងជើងបានអនុវត្តការបាញ់មីស៊ីលម្តងហើយម្តងទៀត។ នៅថ្ងៃទី 12 ខែកក្កដា ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងលើកទីពីរនៃមីស៊ីលផ្លោងអន្តរទ្វីប Hwasong-18៕ ដោយធីរីណា
រូបថត: DPS