សារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា គណបក្សភូមិចៃថៃ (Bhumjaithai) និងគណបក្ស ប៉ាឡាំង ប្រាចារ៉ាត់ (Palang Pracharath) បាននិយាយថានឹងមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះមួយដែលបង្កើតឡើងដោយគណបក្សភឿថៃនោះទេ ប្រសិនបើគណបក្ស Move Forward នៅតែស្ថិតក្នុងក្រុមចម្រុះទាំង៨គណបក្ស។
ការប្រកាសពីគោលជំហរខាងលើរបស់គណបក្សទាំង២ ធ្វើឡើងស្របពេលគណបក្សភឿថៃ ដែលជាគណបក្សទទួលបានសន្លឹកឆ្នោតច្រើនលំដាប់ទី២កំពុងព្យាយាមស្វែងរកការគាំទ្រនៅក្នុងក្រុមចម្រុះមួយដើម្បីបង្កើតរដ្ឋាភិបាល បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ទទួលបរាជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃសុក្រកន្លងទៅ គណបក្ស Move Forward បានប្រកាសជាផ្លូវការថានឹងផ្ដល់ឱកាសឱ្យគណបក្សភឿថៃជាអ្នកដឹកនាំក្រុមចម្រុះ។ មេដឹកនាំគណបក្សភឿ ថៃលោក ចូលណាន់ ស្រីកែវ (Cholnan Srikaew) កាលពីថ្ងៃសៅរ៍ ទី២២ ខែកក្កដា បានជួបជាមួយថ្នាក់ដឹកនាំមកពីគណបក្សចំនួន៣ គឺគណបក្សភូមិចៃថៃ, ឆាតផាត់ថាណាក្លា(Chartpattanakla) និងថៃរួបរួមជាតិ (United Thai Nation) នៅឯទីស្នាក់ការរបស់គណបក្សភឿថៃ។ ក្រៅពីគណបក្ស Bhumjaithai និងគណបក្ស ប៉ាឡាំង ប្រាចារ៉ាត់ (Palang Pracharath) គណបក្សថៃរួបរួមជាតិ (United Thai Nation) ក៏បានបញ្ជាក់ជាមុនដែរថានឹងមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះមួយដែលបង្កើតឡើងដោយគណបក្សភឿថៃនោះទេ ប្រសិនបើមានវត្តមានគណបក្ស Move Forward។
គួរបញ្ជាក់ថា បើតាមលោកចូលណាន់ ស្រីកែវ (Cholnan Srikaew) លក្ខខណ្ឌដែលតម្រូវឱ្យដកគណបក្ស Move Forward ចេញពីក្រុមចម្រុះទាំង៨គណបក្ស នាពេលសព្វថ្ងៃអាចនឹងបង្កឱ្យមានភាពជាប់គាំងក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ រហូតទាល់តែគណបក្ស Move Forward យល់ព្រមដកខ្លួនចេញដោយខ្លួនឯង។ ប៉ុន្តែ លោកចូលណាន់ បានបញ្ជាក់ថា ការលើកឡើងរបស់លោកមិនមែនជាការជំរុញឬប្រាប់ដោយប្រយោលឱ្យ Move Forward ដកខ្លួនចេញពីក្រុមចម្រុះនោះឡើយ៕ ដោយធីរីណា
រូបថត:Bangkok Post