អ្នកនាំពាក្យព្រឹទ្ធសភា គាំទ្រទាំងស្រុងចំពោះសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧

ចែករំលែក៖

ភ្នំពេញ : អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងចំពោះសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានឆ្លុះបញ្ចាំងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការរៀបចំបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

សេចក្តីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្រ្តនេះ បង្ហាញនូវការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ មាតុភូមិកម្ពុជា ឱ្យទទួលបាននូវសន្តិភាពជាអចិន្ត្រៃយ៍ សន្ដិសុខ សុវត្ថិភាពកាន់តែរឹងមាំ ប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ហើយមានជីវភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ក្នុងរយៈពេលយូរអង្វែង។

ក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីចាច់ថែរក្សា ការពារ និងប្រោសព្រំ ប្រទានពរជ័យ បវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅ ប្រុសស្រីទាំងអស់ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងកូនប្រុសស្រី សូមបានសមប្រកបនឹងព្រះពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print