សម្រាប់ប្រទេសអាហ្រ្វិកចំនួន៦ ក្រោយដើរចេញពីកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរុស្ស៊ី ហើយបានផ្តាល់ជំនួយស្បៀងអាហារជាច្រើន ដល់តំបន់អាហ្វ្រិក។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ក្រុមមេដឹកនាំប្រទេសអាហ្រ្វិកនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៉ីនឹងផ្តល់ធញ្ញជាតិសរុបរហូតដល់៥០,០០០តោន ដោយពុំគិតថ្លៃអ្វីទាំងអស់សម្រាប់ប្រទេសអាហ្រ្វិកចំនួន៦។
ក្នុងការថ្លែងសុន្ទរកថាមួយដើម្បីបើកកិច្ចប្រជុំកំពូលរុស្ស៉ី-អាហ្រ្វិក នៅឯទីក្រុងSt. Petersburg លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងពេលប៉ុន្មានខែខាងមុខនេះ យើងនឹងអាចធានាបាននូវការផ្គត់ផ្គង់ដោយពុំគិតថ្លៃ នៃផលិតផលធញ្ញជាតិចន្លោះ២៥,០០០-៥០,០០០តោន ទៅកាន់ប្រទេសបួគីណាហ្វាសូ សំប៊ី ម៉ាលី សូម៉ាលី សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងអេរីត្រេ»។ សេចក្តីប្រកាសនេះធ្វើឡើង ក្រោយរុស្ស៉ីបានដកខ្លួនកាលពីសប្តាហ៍កន្លងទៅ ចេញពីកិច្ចព្រមព្រៀងមួយ ដែលបានអនុញ្ញាតដល់ការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន ពីកំពង់ផែជាប់សមុទ្រខ្មៅ ឆ្ពោះទៅកាន់បណ្តាប្រទេសផ្សេងៗ នៅឯតំបន់មជ្ឈិមបូព៌ានិងទ្វីបអាហ្រ្វិក។
រុស្ស៉ីនិងអ៊ុយក្រែនសុទ្ធតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ពិភពលោក សម្រាប់ផលិតផលធញ្ញជាតិ និងស្បៀងអាហារច្រើនប្រភេទ ដែលប្រទេសកំពុងអភិវឌ្ឍភាគច្រើនអាស្រ័យលើ។ យ៉ាងណាក្តី ការនាំចេញនៃផលិតផលទាំងនេះ បានជួបការរំខានបន្ទាប់ពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាហេតុនាំឱ្យតម្លៃស្បៀងអាហារកើនឡើងខ្លាំង ហើយបង្កឱ្យមានក្តីបារម្ភអំពីស្ថានភាពសន្តិសុខស្បៀងពិភពលោក។ ប៉ុន្តែក្រោយមក កិច្ចព្រមព្រៀងមួយក៏សម្រេចបាន កាលពីពាក់កណ្តាលឆ្នាំ២០២២ នៅក្រោមការជួយសម្របសម្រួល របស់អង្គការសហប្រជាជាតិនិងប្រទេសតួកគី ដែលបានអនុញ្ញាតដល់ ការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនសរុបជិត៣៣លានតោន បើទោះបីជាមានសង្រ្គាមក៏ដោយ៕
រូបថត: Sputnik