“ភ្នំពេញ : ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ច្រានចោលការលើក ឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់ របស់ លោក Volker Turk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅ កម្ពុជា។ ស្ថានបេសសកកម្មអចិន្ត្រៃយ៍សូមផ្តល់សេចក្តីបំភ្លឺដូចតទៅ៖
1. ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាលនិងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជា ការរឹតត្បិតសេរីភាពរបស់ក្រុមជាក់លាក់ណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជន នយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាន នានា ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់របស់ ប្រទេស។
2. ការលើកឡើងថា ការបោះឆ្នោតសកលធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវ ឡើយ។ ចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិ របស់គាត់ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សមួយក្នុងចំណោម គណបក្សប្រកួតប្រជែងទាំង១៨ ជាសក្ខីភាពយ៉ាងជាក់ច្បាស់ដែលអះអាងផ្ទុយពីការលើក ឡើងខាងលើ។ អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ជាកម្រិតដែល ច្រើនផុតពីការបោះឆ្នោតសកលទាំងបួនលើកកន្លងទៅ គិតចាប់តាំងពីឆ្នាំ២០០៣ មក និងជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងបានឆ្លុះបញ្ចាំងពីនយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា យ៉ាងពិតប្រាកដ។
3. ដំណើរការបោះឆ្នោតស្ថិតក្រោមក្រសែភ្នែកនិងការតាមដានយ៉ាងដិតដល់ពីសំណាក៏វត្តមាន អ្នកសង្កេតការណ៍អន្តរជាតិ៤២២ នាក់ ដែលតំណាងឱ្យ៦៥ សញ្ញាតិ មកពី៦១ ស្ថាប័ន បូក រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និងសហគមន៍អនិកជនកម្ពុជានៅបរទេស ជាសាក្សី។ ជាងនេះទៅទៀត ភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និង អ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩០.០០០ នាក់ ដែលមានវត្តមានតាមដាន។ សេចក្តី ថ្លែងការណ៍ជាសាធារណៈរបស់ក្រុមអ្នកសង្កេតការណ៍ជាច្រើនខាងលើក៏បានទទួលស្គាល់ ថា ការបោះឆ្នោតសកលនៅកម្ពុជាគឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។
4. កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ តួអង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់នូវ គណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរ ជាតិនានានៅទីក្រុងហ្សឺណែវសង្ឃឹមថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនឹងពិចារណាពី តថភាពទាំងអស់នេះ ព្រមទាំងអនុវត្តការងាររបស់ខ្លួនដោយឈរលើគោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្របតាមសេចក្ដីសម្រេច A/RES/48/141 ចែងពី អាណត្តិរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឱ្យគោរពអធិបតេយ្យភាពនិងយុត្តាធិការក្នុងស្រុករបស់រដ្ឋ ព្រមទាំងគោរពតាមគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចបានចែងយ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ដោយ : សុខ ខេមរា