ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៣ បានលើកពី ការរស់ឡើងវិញនៃវិស័យទូរគមនាគមន៍ ក្រោយដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ។
ភាគទី១៖
ដោយលោកបញ្ជាក់ថា : ក្រោយថ្ងៃរំដោះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គ្រប់វិស័យត្រូវបានបំផ្លាញខ្ទេចគ្មានដោយអ្នកកាន់អំណាចក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយមេឃាតករ ប៉ុល ពត និងបរិវា ក្នុងនោះដែរវិស័យទូរគមនាគមន៍ក៏ត្រូវបានបិទទ្វាចោលមិនដំណើរការផងដែរ។
នៅកំឡុងដើមទសវត្សរ៍ទី៨០ រដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយសម្តេចទាំងបី សម្តេចអគ្គមហាពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម សម្តេចពញ្ញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រមែប្រមូលមន្ត្រីជំនាញដែលនៅសេសសល់ពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឱ្យមកបម្រើការងារនិងស្តារឡើងវិញលើគ្រប់វិស័យ ដោយឡែកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏មានមន្រ្តីជំនាញមួយចំនួន បានមកចូលរួមបម្រើការងារ និងស្តាឡើងវិញ សម្រាប់វិស័យរបស់ខ្លួនជាបន្តបន្ទាប់ រួមមានដូចតទៅ៖
ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១៖
– រៀបចំជួលជុលនិងដាក់ឱ្យដំណើរការឡើងវិញនូវបមាណីទូរសព្ទអចល័តប្រើប្រាស់ខ្សែអាន់ណាឡូកម៉ាក ប៉ង់តាកង់តា (Crossbar System) ផលិតផលប្រទេសបារាំង ចំនួន ២០០០លេខ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងចំនួន ២០០លេខ នៅក្នុងភូមិសាស្រ្តទីរួមខេត្តបាត់ដំបង ព្រមទាំងបណ្តាញខ្សែកាប្លិ៍ ទូរស័ព្ទភ្ជាប់ជូនអតិថិជន នៅក្នុងភូមិសាស្រ្តទាំងពីរផងដែរ។
– បំពាក់ថ្មីនិងដាក់ឱ្យដំណើរការបមាណីទូរសព្ទអចល័តប្រើប្រាស់ខ្សែឌីជីថលម៉ាក AXE ផលិតផលប្រទេសស្វីឌែន តាមរយៈក្រុមហ៊ុនតែលស្រ្តាប្រទេសអូស្រ្តាលី ចំនួន ២០០០លេខ បម្រើសេវាជូនប្រជាពលរដ្ឋនៅភូមិសាស្រ្តរាជធានីភ្នំពេញ។
– ស្ថាបនានិងដាក់ឱ្យដំណើរការប្រព័ន្ធផ្កាយរពមអ៊ីនធឺស្ពូតនិក (របស់អតីតសហភាពសូវៀត) សម្រាប់ការសន្ទនាទូរសព្ទអន្តរជាតិ។
– ស្ថាបនានិងដាក់ឱ្យដំណើរការបមាណីមាត់ច្រកទូរគមនាគមន៍អន្តរជាតិ (០០១) និងស្ថានីយ៍ផ្កាយរណប INTELSAT Standard A ដែលអនុវត្តក្រោមកិច្ចព្រមព្រៀងធុរកិច្ចរួមគ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (៥៩%) ដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាតំណាង និងក្រុមហ៊ុនតែលស្រ្តាអូស្រ្តាលី (៤១%) ៕
ដោយ : លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍