ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពី ការរស់ឡើងវិញនៃវិស័យទូរគមនាគមន៍នៅកម្ពុជា ក្រោយដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ៖
ភាគទី២៖
ដោយលោកបន្តបញ្ជាក់ថា : ចាប់ពីឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០០០៖
– វត្តមានប្រព័ន្ធទូរសព្ទចល័តជំនាន់ទី១ ដែលហៅថា 1G ដែលជាការវិនិយោគដោយក្រុមហ៊ុនឯកជនមកពីប្រទេសថៃឡង់ដ៍ និងប្រទេសម៉ាឡេស៊ី ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាតំណាង តាមគោលការណ៍កិច្ចព្រមព្រៀងធុរកិច្ចរួមគ្នា ៧០% / ៣០%។
– ស្ថាបនានិងដាក់ឱ្យដំណើរការបមាណីទូរស័ព្ទអចល័តប្រើខ្សែឌីជីថលម៉ាក ALCATEL E10B (Circuit Switched Digital Telephone Exchange) ផលិតផលប្រទេសបារាំង ចំនួន ៧០០០លេខ បមាណីឆ្លងកាត់ (ត្រង់ស៊ីត) និងបណ្តាញបញ្ជូនស៊ីញ៉ាល់ខ្សែកាប្លិ៍អុបទិក (PDH-140Mbps) សម្រាប់ភ្ជាប់ពីមជ្ឈមណ្ឌលអង្គរអតីតពេទ្យចិន មកទីស្តីការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ចាស់វត្តភ្នំ សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល បារាំង ព្រមទាំងបញ្ឍប់ឱ្យដំណើរការបមាណីទូរស័ព្ទអចល័តអាន់ណាឡូកប៉ង់តាកង់តាចាស់ៗ នៅរាជធានីភ្នំពេញនិងបាត់ដំបង។
– ស្ថាបនានិងដាក់ឱ្យដំណើរការបមាណីទូរស័ព្ទអចល័តប្រើប្រាស់ខ្សែឌីជីថល FUJITSU FETEX (Circuit Switched Digital Telephone Exchange) ចំនួន ១0០០០លេខ និងបណ្តាញខ្សែកាប្លិ៍ចំនួន ១២០០០គូរ (ខ្សែទូរសព្ទ) បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ។
– ស្ថាបនានិងដាក់ឱ្យដំណើរការបមាណីទូរស័ព្ទអចល័តប្រើប្រាស់ខ្សែឌីជីថល NEC (Circuit Switched Digital Telephone Exchange) ចំនួន ៨៨០០ លេខ និងបណ្តាញខ្សែកាប្លិ៍ចំនួន ១០០០០គូរ (ខ្សែ ទូរសព្ទ) បម្រើសេវាជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់រដ្ឋា ភិបាលជប៉ុន តាមរយៈអង្គការ JICA ។
– ពង្រីកបន្ថែមបណ្តាញទូរសព្ទអចល័តឥតប្រើប្រាស់ខ្សែ DRAMASS សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋដែលរស់នៅជាយៗរាជធានីភ្នំពេញ។
– ស្ថាបនានិងដាក់ឱ្យដំណើរការបណ្តាញបញ្ជូនបញ្ជូនស៊ីញ៉ាល់ខ្សែកាប្លិ៍អុបទិក ភ្ជាប់រវាងបមាណីទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ។
– ស្ថាបនានិងដាក់ឱ្យដំណើរការបមណីទូរសព្ទអចល័ត ERICSSION MD110 ដែលតភ្ជាប់ទូរសព្ទពីភ្នំពេញទៅបណ្តាខេត្តក្រុងទាំង២៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង តាមរយៈផ្កាយរណប Palapa Indonesia ក្រោយមកតាមបណ្តាញខ្សេកាប្លិ៍អុបទិក ដែលសព្វថ្ងៃគ្រប់គ្រងដោយក្រុមហ៊ុនកាំមីនតែល។
– ស្ថាបនានិងដាក់ឱ្យដំណើរការបណ្តាញខ្សែកាប្លីអុបទិកទំហំ ៨សសៃ ប្រវែងប្រមាណជា ៥៧២ គីឡូម៉ែត្រលាតសន្ធឹងតាមដងផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅបាវិតព្រំប្រទល់កម្ពុជា-វៀតណាម និងផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ ទៅប៉ោយប៉ែតព្រំប្រទល់កម្ពុជា-ថៃឡង់សដ៍ និងប្រព័ន្ទបញ្ជូលស៊ីញ៉ាល់តាមខ្សែកាប្លិ៍អុបទិកទំហំ SDH STM-1 (155Mbps) ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាម រយៈធនាគារ KfW។
– ពង្រីកនិងដាក់ឱ្យដំណើរការបមាណីទូរសព្ទអចល័តប្រើប្រាស់ខ្សែម៉ាក ALCATEL E10B ផលិតផលប្រទេសបារាំង និងបណ្តាញខ្សែកាប្លិ៍ខាងក្រៅភ្ជាប់ជូបប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តបណ្តាទីរួមខេត្ត ស្ថិតនៅអមបណ្តាញខ្សែកាប្លិ៍អុបទិកខាងលើ។
– ស្ថាបនានិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្តល់សេវាអ៊ីនធឺណិតមួយដំបូងបង្អស់នៅកម្ពុជា មានឈ្មោះថា <<Camnet>> ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរ ដោយភ្ជាប់ទៅអន្តរជាតិតាមរយ៖ផ្កាយរណប VSAT ទៅប្រទេសសឹង្ហបុរី ដែលមជ្ឈមណ្ដលនេះគ្រប់គ្រងនិងដឹកនាំដោយ ឯកឧត្តម ម៉ូវ ចរិយា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
– ការហក់ចូលប្រព័ន្ធនិងបណ្តាញទូរគមនាគមន៍ជំនាន់ទី២ ដែលហៅ GSM ឬ ហើយនៅក្នុងកំឡុងពេលនោះ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចល័តទាំងអស់ បានទៅចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់ស្តីពីសហពាណិជ្ជនៃព្រះរាជាណាចក្រកម្ពុជា បង្កើតជាក្រុមហ៊ុនវិនិយោគឯកជនមានទុនរបស់ខ្លួន ១០០% មិនមានហ៊ុនរដ្ឋនៅជាមួយទៀតទេ។ ដើម្បីដាក់ឱ្យដំណើរការប្រព័ន្ធនិងបណ្តាញទូរសព្ទចល័តជំនាន់ទី២ ដែលហៅ GSM ឬ 2G ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកការដេញថ្លៃហ្វ្រេកង់ស៍ក្នុងបន្ទាបង់ 1800/900 MHz ទៅឱ្យក្រុមហ៊ុនពីរប្រកួតប្រជែងគ្នា គឺក្រុមហ៊ុនខ្មែរ Royal Group (CamGSM) និងក្រុមហ៊ុនជប៉ុន NTT ។ ប៉ុន្តែការដេញថ្លៃនោះ គឺមិនបានដេញជាលក្ខណៈដាក់តម្លៃទិញហ្វ្រេកង់ស៍ឡើយ គឺជាលក្ខណៈជ្រើសរើសដោយប្រៀបធៀបពីលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុន ហើយពេលនោះ ក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនខ្មែរ Royal Group (CamGSM) ក៏បានចាប់ដំណើរការពីពេលនោះមក។ ដោយសារការប្រកួតប្រជែងក្នុងទីផ្សារប្រតិបត្តិករផ្តល់សេវាទូរសព្ទជំនាន់ទី១ ទាំងអស់ បានទទួលរងនូវការក្ស័យធននិងខិតខំបង្វែរខ្លួនទៅរកការចុះបញ្ជីជាក្រុមហ៊ុនឯកជនមានហ៊ុនខ្លួនឯង ១០០%
និងស្នើសុំការអនុញ្ញាតទទួលអាជ្ញាបណ្ណផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី២ ដែលហៅ GSM ឬ 2G នោះឯង។
សំគាល់៖ នៅក្នុងដំណាក់កាលនោះ រាល់ប្រព័ន្ធ បណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍ ដូចដែលមាន
ខាងលើគឺជាការគ្រប់គ្រងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានភារកិច្ចនិងតួនាទី ជាអ្នកធ្វើគោលនយោបាយផង ជានិយ័តករផង និងជាអ្នកទំនាក់ទំនងកិច្ចការអន្តរជាតិលើវិស័យទូរគមនាគមន៍ផងដែរ និងនៅក្នុងទីផ្សារគឺនៅជាទម្រង់ម៉ូណូប៉ូលី និងក្រុមហ៊ុនចំរុះរវាងវិស័យឯកជននិងរដ្ឋ៕
ដោយ : អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍