ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចាំផ្ទះ បានណែនាំឲ្យនាយករដ្ឋមន្រ្តីថ្មីអាណត្តិទី៧ និងរដ្ឋមន្រ្តីតាមក្រសួងស្ថាប័ននានា សូមបន្តយកការចិត្តទុកដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយនឹងមន្រ្តីចាស់ៗ មន្រ្តីនៅក្នុងមុខតំណែងបច្ចុប្បន្ន ដោយត្រូវឲ្យបន្តមានការងារតទៅទៀតដោយគ្មានការកែប្រែ លើកលែងតែសាមីខ្លួនស្នើ សុំឈប់តែប៉ុណ្ណោះ។
សម្ដេចបានលើកឡើងថា , គ្មានករណីដោះដូរ ចំពោះ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារបស់ក្រសួងនានា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ទីប្រឹក្សារាជរដ្ឋាភិបាល នោះឡើយ។ ចំពោះមន្ត្រីកាន់ការមុខងារសាធារណៈ នៅរក្សាដដែល លើកលែងតែគាត់ដល់អាយុចូលនិវត្តន៍ ទាំងមិនទៅរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដូចជាមេទាហាន មេនគរបាល នៅកាន់កន្លែងដដែល ម្យ៉ាងទៀតលើកលែងតែគាត់ស្នើសុំឈប់ តែប៉ុណ្ណោះ ។
សម្ដេចបានសង្កត់ធ្ងន់ថា , រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាក្រសួង រដ្ឋលេខាធិការ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវផុតអាណត្តិនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាមួយរដ្ឋាភិបាល។ ហើយរដ្ឋាភិបាលថ្មី សម្រាប់យុវជនជំនាន់ក្រោយ នឹងធ្វើការបានល្អដើម្បីជាតិ ហើយរដ្ឋាភិបាលថ្មី ក៏អាចតែងតាំងមន្តីផ្នែកនយោបាយ នោះឡើងវិញទាំងអស់ ។ ទាំងថ្នាក់ដឹកនាំចេញដោយព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្តីសម្រេច របស់ក្រសួង ក៏ត្រូវបានរក្សា នៅដដែល មានន័យថា , រៀបចំធ្វើថ្មីត្រឡប់មកវិញ។
នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចរក្សាទុកមន្ត្រីទាំងអស់ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ឱ្យបន្តតទៅទៀត ចំពោះមន្ត្រីមុខងារសាធារណៈ នៅមិនប៉ះពាល់ឡើយ។
ក្នុងសារសំឡេង ថ្លែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ដូច្នេះមុខងារទាំងអស់នេះខ្ញុំព្រះករុណាខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ ជាពិសេសជាមួយនឹងបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំអំពីកិច្ចដំណើរការនាពេលខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់កុំមានការព្រួយបារម្ភអំពីចំណុចទាក់ទងជាមួយនឹងរឿងថាតើខ្ញុំត្រូវធ្វើអ្វីទៀតកិច្ចការតែមួយទេដែលត្រូវធ្វើការកែទម្រង់នោះគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី»។
សម្តេចបានបញ្ជាក់ថា ចំពោះរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺនឹងត្រូវឲ្យជ្រើសរើសថាពួកគេនឹងនៅជារដ្ឋលេខាធិការ ឬក៏ជារដ្ឋមន្ត្រីប្រតិភូអម។ ចំពោះតំណែងពីរដែលត្រូវបានលើកលែងជាពិសេសគឺអគ្គនាយកពន្ធដារនិងអគ្គនាយកគយ ដែលអាចកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានផងដែរ ព្រោះអ្នកទាំងពីរនេះត្រូវធ្វើការផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីផងជាមួយនឹងនាយករដ្ឋមន្ត្រីផង៕
ដោយ : សុខ ខេមរា