ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿងករណី ស្ត្រីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅតាមដងផ្លូវ ស្ថិតនៅចំណុចផ្លូវសហព័ន្ធរុស្សី មុខវិមានសន្តិភាព សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតមកដល់ព្រឹកថ្ងៃ២៨នេះ គឺពួកគាត់បានឆ្លងរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូនដោយមានសុខភាពល្អទាំងអស់គ្នាក្រោយពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ។
...
ស្ត្រីដែលឆ្លងទន្លេតាមផ្លូវនោះឈ្មោះនេត ស៊ុនណារី អាយុ២៥ឆ្នាំ មានប្តីឈ្មោះសំ លី អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិដើមគរ សង្កាត់ជ្រាយចង្វារ ខណ្ឌជ្រាយចង្វា ។
ស្ត្រីជាម្តាយបានឲ្យដឹងថា កូនដែលកើតតាមផ្លូវនេះគឺជាកូនស្រីមានទំងន់៣គីឡូក្រាម មានសុខភាពល្អនិងជាកូនទី២របស់ពួកគាត់ ចំណែកកូនទី១ស្រីដែលហើយមានអាយុ៤ឆ្នាំ ។ ស្ត្រីជាម្តាយបានបន្តទៀតថា មុនពេលសម្រាលកូនស្រីលើកទី២នេះ កាលពី២-៣ខែមុនគាត់បានរអិលដួលអុកគូទនៅក្នុងបន្ទប់ទឹក ខណៈដែលគាត់ពពោះរយៈពេល៧ ក្រោយពេលដួលមកគាត់តែងតែឈឺពោះចក់ពោះ លុះដល់ថ្ងៃខាងលើ អ្នកជិតខាងនិយាយថាប្រហែលជាគាត់ឈឺពោះកើតកូន គាត់ក៏បានឲ្យប្តីរបស់គាត់ជូនទៅមន្ទីរពេទ្យសម្ភពក្រុង ដែលស្ថិតនៅសង្កាត់វល់វង់ ខណ្ឌ៧មករា ដោយហៅម៉ូតូឌុបជិះនិងប្តីបានអង្គុយអោបពីក្រោយ ។ លុះជិះមកដល់ចំណុចមុខវិមានសន្តិភាពស្រាប់ស្រ្តីរូបនោះចុកពោះខ្លាំងពេកក៏ឈប់ម៉ូតូកើតកូនតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នាមើលនិងជួយទូរស័ព្ទហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះផងដែរ ។ បន្ទាប់ពីរថយន្តសាមុយមកដល់គឺស្ត្រីរូបនោះបានបង្កើតកូនបានបន្តិតហើយគឺចេញក្បាល ហើយក្រុមគ្រូពេទ្យបានលើដាក់រថយន្តសាមុយយកមកបង្កើតនៅមន្ទីរពេទ្យដោយជោគជ័យ មិនប៉ះពាល់ដល់សុខភាពម្តាយនិងកូននោះទេ ។
បច្ចុប្បន្នស្ត្រីនិងកូនកំពុងសម្រាកនៅក្នុងបន្ទប់លេខ៨២១៣ ជាន់ទី២ នៃមន្ទីរពេទ្យកាល់ម៉ែត ៕
ដោយ៖ ស ដារ៉ា
...