ភ្នំពេញ៖ ស្ត្រីម្នាក់ដែលគេដឹងថាមានកូន២នាក់វះទាំង២លើក ហើយនៅពេលមានកូនទី៣វះកាត់២ដងបណ្តាលបាត់បងជីវិតនៅក្នុងមន្ទីរសម្ភពឯកជនមួយ ហើយត្រូវបានម្ចាស់មន្ទីរសម្ភពឯកជននោះលាក់លៀមមិនឲ្យគេដឹងដោយបង្ខំក្រុមគ្រួសារដឹកសពយកទៅធ្វើបុណ្យនៅវត្តភ្លាមៗ។
ព័ត៌មាននេះបានបែកធ្លាយនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីគេដឹងថាស្ត្រីរងគ្រោះបានបាត់បងជីវិតទាំងពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦មកម្ល៉េះ បន្ទាប់ពីមន្ទីរសម្ភព វឌ្ឍនៈ ធ្វើការវះកាត់យកកូនចេញពីផ្ទៃដល់ទៅ២ដង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរសពខាងលើបានឲ្យដឹងថា ស្ត្រីជនរងគ្រោះឈ្មោះសៀក ស៊ីណេត អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាសមាជិកភូមិ១០។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះបានឈឺពោះឆ្លងទន្លេ ហើយត្រូវក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរសម្ភព យីហោ វឌ្ឍនៈ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសម្រាលកូនទី៣ បន្ទាប់ពីកូនទី១ និងទី២ ធ្លាប់បានធ្វើការវះកាត់ទាំង២លើករួចមក។ លុះនៅថ្ងៃកើតហេតុស្ត្រីរងគ្រោះបានទៅសម្រាលកកូនទី៣នៅមន្ទីរសម្ភពខាងលើ ដោយការវះកាត់ដូចកូនទី១ និងទី២ដែរ។ បន្ទាប់ពីវះកាត់រួចស្ត្រីរងគ្រោះត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ស្ត្រីរងគ្រោះបានឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំងក៏វិលត្រឡប់ទៅមន្ទីរសម្រាកព្យាបាល និងសម្ភព វឌ្ឍនៈ វិញ ហើយដោយទំនងជាគ្រូពេទ្យប្រចាំមន្ទីរសម្ភពនេះធ្វើការវះកាត់មិនល្អ បណ្តាលឲ្យឈាមហូរក្នុងផ្ទៃពោះខ្លាំងនោះ ទើបគ្រូពេទ្យបង្ខំធ្វើការវះកាត់ជាលើកទី២ទៀត ប៉ុន្តែដោយសភាពជំងឺរបស់ស្ត្រីរងគ្រោះធ្ងន់ធ្ងរមិនអាចសង្គ្រោះបានក៏បាត់បង់ជីវិតទៅ។
ព័ត៌មានថ្ងៃនេះ៖
ស្ត្រីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន
ទោះយ៉ាងណាក្នុងការបាត់បង់ជីវិតស្ត្រីឈ្មោះសៀក ស៊ីណេត នេះ ត្រូវបានគ្រូពេទ្យបង្ខំឲ្យដឹកសពចេញពីមន្ទីរសម្រាកព្យាបាល និងសម្ភព វឌ្ឍនៈ យ៉ាងរួសរាន់ជាថ្នូរនឹងប្រាក់មួយចំនួន ទើបក្រុមគ្រួសារហាក់ដូចជាស្ងប់ចិត្តមិនដាក់ពាក្យបណ្ដឹងឲ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដឹងដើម្បីធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីនោះទេ។
ទាក់ទិននឹងការបាត់បង់ជីវិតស្ត្រីរូបនេះ នគរដ្រេហ្គន បានទូរស័ព្ធសុំការបំភ្លឺពីម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព វឌ្ឍនៈ ខាងលើនេះដែរ ប៉ុន្តែពេលទូរស័ព្ទចូលគ្មានអ្នកទទួល៕
ដោយ៖ ស ដារ៉ា