ភ្នំពេញ៖ កន្លងទៅរឿងរ៉ាវមិនប្រក្រតីដែលកើតមាននៅក្នុងគ្លីនិកឃឹម រ៉ានី ច្រើនរាប់មិនអស់ ទាំងបញ្ហាកំហុសក្រុមគ្រូពេទ្យ ទាំងសេវាព្យាបាលខុសពីគ្លីនិកដទៃ ពិសេសគ្លីនិកមួយនេះ តែងតែយករថយន្តសង្គ្រោះបន្ទាន់ជាសេវាដឹកអ្នកជំងឺរងរបួសបំពានទៅនឹងការហាមឃាត់របស់ក្រសួងសុខាភិបាល ខណៈក្រុមឡានសង្គ្រោះបន្ទាន់គ្លីនិកឃឹម រ៉ានីបានត្រូវរ៉ូវជាមួយសមត្ថកិច្ច ឬឲ្យកម្រៃជើងសារទៅលើសមត្ថកិច្ច ដើម្បីបានដឹកអ្នកជំងឺជនរងគ្រោះគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ ។ កំហុសដ៏ធ្ងន់ចុងក្រោយនេះ គ្រាន់តែអ្នកជំងឺមានអាការឈឺឆ្អឹងខ្នង បែរជាខាងគ្លីនិកឃឹមរ៉ានី ចាក់ថ្នាំ និងឲ្យលេបថ្នាំ បណ្តាលឲ្យជនរងគ្រោះប្រកាច់ភ្លាមៗស្លាប់កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ក្រសួងសុខាភិបាលបានចេញលិខិតជាផ្លូវការសម្រេចការបិទមន្ទីរសម្រាកព្យាបាលឃឹម រ៉ានីទាំងស្រុង ប៉ុន្តែគេពុំដឹងថា វិធានការច្បាប់រឿងព្រហ្មទណ្ឌនេះ ខាងក្រសួង ខាងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តនីតិវិធីក្នុងកម្រិតណានោះឡើយ ។
គួររំលឹកផងដែរថា យុវជនឈ្មោះ ឡាំ តៅគង់ អាយុ២៨ឆ្នាំ ដែលបានបាត់បង់ជីវិតនេះ ពិតជាបានបន្សល់ទុកនូវភាពសោកសៅមកលើភរិយា គឺអ្នកស្រី សុខ រដ្ឋមុនី ដោយសារអ្នកទាំងពីរ ទើបនឹងរៀបការបាន១ខែ ក៏ត្រូវបានព្រាត់គ្នាជារៀងរហូតដោយសារស្នាដៃគ្លីនិក ឃឹម រ៉ានី ។
អ្នកស្រី សុខ រដ្ឋមុនី បានលើកឡើងនៅក្នុងហ្វេសបុកផ្ទាល់ខ្លួនរៀបរាប់អំពីជីវិតស្នេហានៃពួកគេ ពិតជាបានឆ្លងនូវឧបសគ្គរារាំងគ្រប់បែបយ៉ាង ទាំងការផ្តើមស្រឡាញ់ និងមកដល់ថ្ងៃរៀបការ ឆ្លងកាត់ជីវិតមានផ្អែម ក្តៅ ត្រជាក់ ល្វីង ជូ ចត់ ក្នុងនោះ មុននឹងឈានដល់រៀបការ ពួកគេពិតជាបានពុះពារគ្រប់ឧបសគ្គចំពោះការរារាំងទាំងអម្បាលម៉ាន ក្រោយមក រៀបការបាន១ខែ ដែលយល់ឃើញថា អ្នកទាំងពីរបានសេចក្តីសុខហើយនោះ ក៏ត្រូវជួបរឿងអាក្រក់បណ្តាលឲ្យប្តីជាទីស្រឡាញ់ ត្រូវស្លាប់លែងជួបមុខជារៀងរហូត ។
ភរិយាសពរងគ្រោះបន្តថា ប្តីរបស់ខ្លួន មិនដែលថតរូប និងមិនចូលចិត្តថតរូប ប៉ុន្តែដើម្បីភរិយា គឺគេចូលចិត្តថតតាមការសំណើសុំរបស់ភរិយា ដូចជាការថត សែលហ្វីស ជាដើម មិនតែប៉ុណ្ណោះ ប្តីរបស់ខ្លួន តែងតែបញ្ជាក់ថា អូនគឺស្អាត ស្អាតជាងគេ បើទោះជាមានធុំក្លិនញើស ក៏ថើប ហើយប្រាប់ប្រពន្ធថា ប្រពន្ធរបស់ខ្លួន ក្រអូបរហូត ។ អ្នកស្រីបន្តថា ស្នេហារបស់គេ ស៊ីជម្រៅណាស់ គឺយល់ចិត្ត យល់ថ្លើម រស់នៅប្រកបដោយភាពសុខសាន្ត បន្ទាប់ពីឆ្លងកាត់ព្យុះឧបសគ្គ តែចុងក្រោយប្តីត្រូវបានស្លាប់ កើតឡើងដោយកំហុសគ្លីនិកឃឹមរ៉ានី ។
បើទោះបីជាក្រសួងសុខាភិបាលចេញសេចក្តីប្រកាសបិទអាជីវកម្មគ្លិនិកឃឹមរ៉ានីនេះក៏ដោយ មជ្ឈដ្ឋានទូទៅ រួមទាំងអ្នកច្បាប់ផងដែរ ត្រូវតែឲ្យមានការស៊ើបអង្កេតតាមនីតិវិធីបន្តទៀត ទៅលើការទទួលខុសត្រូវនៃម្ចាស់គ្លីនិកនេះថា តើប្រឈមនឹងច្បាប់ព្រហ្មទណ្ឌដល់កម្រិតណា ដើម្បីផ្តល់ភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះ ៕
ដោយ៖ សុខ ខេមរា